កំពង់ឆ្នាំង៖ មកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ នៅក្នុងដែននេសាទខេត្តកំពង់ឆ្នាំង ព្រំប្រទល់ស្រុកកំពង់លែង និងស្រុកបរិបូណ៌ គេនៅតែឃើញមានបទល្មើសកាយយកលៀសពីបាតទន្លេដោយប្រើឈ្នាងដែកប្រើកម្លាំងម៉ាស៊ីនអូសទាញ ក្នុងរដូវបិទនេសាទ ដោយមិនទាន់មានការទប់ស្កាត់នៅឡើយ។
នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ក្រោយពីទទួលបានព័ត៌មានពីប្រជានេសាទលក្ខណៈគ្រួសារ អ្នកយកព័ត៌មានបានចុះទៅចំណុចព្រំប្រទល់ស្រុកបរិបូណ៌ និងស្រុកកំពង់លែង ហើយបានឃើញកាណូតកាយលៀសប្រភេទបាឡាស្មាច់ជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពនៅចំណុចចុងតាគង់ ក្បាលកោះក្អែរ កោះត្រែង ស្ថិតក្នុងឃុំកំពង់ព្រះគគីរ និងចំណុចមុខភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌, ក្បាលកោះចោរ និងចំណុចវាលភក់ ក្នុងស្រុកកំពង់លែង ។ នៅពេលកាយប្រមូលលៀសពេញកាណូតហើយ ពួកគេបានយកទៅច្រកដាក់ការ៉ុង ឡើងនៅកំពង់ទឹកជ្រោយស្លែង ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ និងប្រមូលដាក់ឡានឈ្មួញដឹកចេញនៅពេលយប់។
ប្រជានេសាទលក្ខណៈគ្រួសារ បានអោយដឹងថា៖ ក្រុមកាយលៀសដោយម៉ាស៊ីននេះ មិនដែលយោគយល់ដល់អ្នកនេសាទទេ គឺពួកគេតែងធ្វើអោយមង និងលបកំពឹសរបស់ពួកគាត់ដាច់ជាញឹកញាប់ដោយមិនទទួលខុសត្រូវឡើយ និងនៅពេលពួកគេកាយលៀសម្តងៗ គឺទឹកទន្លេឡើងកករល្អក់ពេញទន្លេតែម្តង។
ប្រជានេសាទ ក៏បានសំណូមពរដល់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលជលផល មេត្តាមានចំណាត់ការចំពោះបទល្មើសនេសាទកាយលៀសដោយប្រើម៉ាស៊ីន និងរថយន្តដឹកជញ្ជូនលៀសរបស់ពួកឈ្មួញយកទៅលក់នៅបរទេសទាំងនោះផង បើពុំមានចំណាត់ការនោះទេ ប្រព័ន្ធអេកូឡូស៊ីបាតទន្លេ និងសំបុកត្រីមួយចំនួនត្រូវបានបំផ្លាញក្នុងរដូវបិទនេសាទនេះ ដោយសារពួកគេមិនខាន៕ អត្ថបទ ៖ ហុង វាស្នា






