បងប្អូនប្រជាពលរដ្ឋខ្មែរ មន្រ្តីរាជកា កងទ័ព និងស្ថាប័នជាតិនានា បានប្រកាសគាំទ្រពេញទំហឹងចំពោះកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាកម្ពុជានាថ្ងៃទី២៨ ខែកក្កដានេះ ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។
តាមរយៈហ្វេសបុកដែលបានបង្ហោះគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋមន្រ្តីរាជកា កងទ័ព និងស្ថាប័នជាតិនានាបានលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការអនុវត្តនូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងជាការធានាដល់ស្ថាប័នកំពូលរបស់ជាតិ ឲ្យដំណើរការប្រព្រឹត្តទៅដោយរលួន នៅគ្រប់កាលៈទេសៈ ការពារ និងថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ជាពិសេសការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដើម្បីការអភិវឌ្ឍប្រទេសជាតិមាតុភូមិឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងភាពសុខដុមរមនារបស់ប្រជានុរាស្រ្ត និងប្រជាជនខ្មែរ។
តាមរយៈហ្វេសបុកនេះបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងមន្រ្តីក្នុងជូររាជរដ្ឋាភិបាលទាំងនោះក៏បានប្រកាសប្រឆាំងដាច់ខាតចំពោះគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយដំបរស្វាថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ បានធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងអំណាចក្នុងរដ្ឋសភាជាដើមនោះ។ ការលើកឡើងរបស់គណបក្ស និងសង្គមស៊ីវិលទាំងនោះគឺជាការលើកឡើងដោយមិនត្រឹមត្រូវ។
សូមបញ្ជាក់ថា រដ្ឋសភាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញទាំងមូល ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ ដោយសំឡេងទាំង ១០៥ នៃសមាជិកសភាដែលបានចូលរួមប្រជុំ។ ឯកឧត្តម កើត រិទ្ធ បានថ្លែងថា ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ គឺមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញតាមបែបរបបសភានិយមប៉ុណ្ណោះទេ ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាចថែមទៀត៕ អត្ថបទ៖ បាន ចក់