បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ប្រកាសរកប្រភពរូបភាពរបស់សម្តេច ដែលពិនិត្យលើស្ថានភាពរូបថតនេះអាចនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧នោះ ក៏មានហ្វេសប៊ុកឈ្មោះ Sophal Chhay Journalist បានcomment និងបញ្ជាក់ថា «រូបភាពចាស់ៗរបស់ សម្តេច ត្រូវបានគេដាក់លក់នៅតាមអនឡាញ (Online) មួយចំនួន! ម្យ៉ាងទៀត ទីភ្នាក់ងារសារព័ត៌មានបរទេស ដូចជា AFP, Reuters និង AP ជាដើម រួមទាំងអ្នកថតរូបឯករាជ្យជាច្រើនផង ក៏បានលក់រូបចាស់ៗនៅតាមបណ្តាញអនឡាញដែរ» ។
សម្តេចតេជោ ហ៊ុន សែន បានតបទៅ Sophal Chhay Journalist វិញដែរថា «សូមអរគុណដែលបានស្វែងរកឃើញប្រភពរូបថតនេះ។ ពេលនេះរូបថតខ្ញុំដល់ កំរិតជនបរទេសយកទៅដាក់លក់តាមonline នៅក្រៅប្រទេសហើយ។ តាមស្មាននៅមានរូបថតច្រើនទៀតដែលជនបរទេសថតហើយអាចនឹងដាក់លក់។ សូមជួយស្វែងរកទិញនូវរូបថតណាដែលយើងមិនមាន។»
សូមបញ្ជាក់ថា កន្លងមកសម្តេចតេជោ ហ៊ុន សែន តែងតែបង្ហោះរូបចាស់ៗ របស់សម្តេចហើយរូបខ្លះមានប្រភពថតដោយកាសែតបរទេស ដែលរហូតដល់មានការដាក់លក់រូបនោះតាមប្រព័ន្ធអនឡាញមានតម្លៃទៅតាមប្រភេទរូបហ្វីក និងវីដេអូផងដែរ។ ជាក់ស្តែងរូបភាពសម្តេចបង្ហោះនៅព្រឹកនេះ សម្តេចតេជោបានកត់សំគាល់ថា សម្តេចមិនច្បាស់ថាអ្នកណាជាអ្នកថតរូបនោះទេ ប៉ុន្តែបើពិនិត្យលើស្ថានភាពរូបថតនេះអាចនៅក្នុងឆ្នាំ១៩៩៦ឬឆ្នាំ១៩៩៧ដោយសំគាល់៖១.អ្នកការពារឈ្មោះ វឿន បានមកការពារសម្ដេចក្នុងចន្លោះ១៩៨៦រហូតដល់គាត់ស្លាប់ប្រហែល១០ឆ្នាំមុន។គាត់បានការពារសម្តេចទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀតជាច្រើន។ ២.កូនប្រុសសម្តេច គឺលោកហ៊ុន ម៉ានី ទើបមានវ័យជំទង់ អាយុប្រហែល១៤ឬ១៥ឆ្នាំ(ម៉ានីកើតខែវិច្ឆិកា១៩៨២)។ ពេលនោះសម្តេចទើបមានអាយុ៤៤ឬ៤៥ឆ្នាំ៕




