ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃក្រសួងការពារជាតិ បានប្រកាសគាំទ្រទាំងស្រុង នៃកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលបានអនុម័តលើសេចក្តីព្រាង ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។
ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ ពិតជាធ្វើឡើងក្នុងគោលបំណងជាឧត្តមប្រយោជន៍របស់ជាតិសំដៅធានាស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចំបងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ ដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តភាពនៅគ្រប់កាលៈទេសៈ ធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈដែលជាគ្រឹះសម្រាប់អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និង សេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា៕
