បាត់ដំបង៖ បន្ទាប់ពីមានការផ្សព្វផ្សាយ និងជូនដំណឹងរបស់រដ្ឋបាលក្រុងបាត់ដំបង បងប្អូនប្រជាពលរដ្ឋមួយចំនួនបានចូលរួមរុះរើសំយាប និងផ្ទាំងប៉ាណូគ្រប់ប្រភេទចេញជាបណ្ដើរៗហើយ ប៉ុន្តែមួយចំនួនធំទៀត ពុំទាន់បានរុះរើនៅឡើយទេ។
រដ្ឋបាលក្រុងបាត់ដំបង បានជូនដំណឹងដល់ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវរុះរើសំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញឱ្យអស់នៅត្រឹមថ្ងៃទី១ ខែ សីហា ឆ្នាំ២០២២ នេះ ជាកំហិត។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងបាត់ដំបង កាលពីថ្ងៃទី២៥ ខែកក្កដា នេះ បានឱ្យដឹងថា ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ សោភ័ណភាពទីក្រុងឱ្យកាន់តែប្រសើរ រដ្ឋបាលក្រុងបានជូនដំណឹងដល់ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ ផ្លូវលេខ២ ផ្លូវលេខ២កន្លះ ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ នៅតំបន់អភិរក្ស (ចាប់ពីវត្តពិភិទ្ធារាម ដល់វត្តដំរីស និង ចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣) នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើសំយាប ផ្ទាំងប៉ាណូ ពាណិជ្ជកម្មគ្រប់ប្រភេទចេញឱ្យអស់ និងកែសម្រួលតាមគំរូ និងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ជាកំហិត។
រដ្ឋបាលក្រុង បានបញ្ជាក់ថា ក្នុងករណីម្ចាស់លំនៅឋាន អាជីវកម្មដ្ឋានទាំងអស់ មិនអនុវត្តតាម សេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុង នឹងធ្វើការរុះរើយកមករក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមាន ហើយរាល់ការខូចខាត និងបាត់បង់ រដ្ឋបាលក្រុងមិនទទួលខុសត្រូវឡើយ។
រដ្ឋបាលក្រុងបាត់ដំបង សង្ឃឹម និងជឿជាក់ថា ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីសហការខ្ពស់ ដើម្បីលើកកម្ពស់សោភណភាព និងបរិស្ថានទីក្រុង៕អត្ថបទ៖ នឿត សុភក្ត្រ






