កែប៖ ប្រជានេសាទខេត្តកែប បាននាំគ្នាតវ៉ា និងចោទមន្ត្រីជលផលខេត្តកែបថាកំពុងធ្វើបាបប្រជានេសាទ តាមរយៈការទម្លាក់ប្រអប់ថ្ម មិនឲ្យនេសាទកើត ចាប់ឧបករណ៍ឆក់ ដើម្បីទារយកប្រាក់ ខណៈដែលប្រជានេសាទ ដែលជាគ្នីគ្នារបស់ខ្លួន អាចប្រើឧបករណ៍ឆក់បានដោយសេរី។
ពួកគេស្នើសុំឲ្យមន្ត្រីជលផល អនុវត្តភារកិច្ចតួនាទីឲ្យមានតម្លាភាព និងលុបបំបាត់ការសូកប៉ាន់ និងប្រកាន់បក្សពួក។
ប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យ ដឹងថា ពួកគេកើតទុក្ខមិនសុខចិត្ត ចំពោះទង្វើរបស់មន្ត្រីជលផលខេត្តកែប នៅក្នុងការអនុវត្តភារកិច្ច តួនាទីគ្មានតម្លាភាព ពាក់ព័ន្ធនឹងការបង្ក្រាបបទស្មើស ដោយប្រើប្រាស់ឧបករណ៍ឆក់។
ក្រុមពលរដ្ឋ ដែលបានមកតវ៉ានៅសាលាឃុំអង្កោល បានបញ្ជាក់ថា ក្រុមមន្ត្រី បានចាប់ឧបករណ៍ឆក់ ដើម្បីជាថ្នូរនឹងប្រាក់តែប៉ុណ្ណោះ ចាប់លែងៗ រយៈពេល២០ឆ្នាំហើយ ដែលក្នុងឧបករណ៍ឆក់មួយ ត្រូវបង់ថ្លៃលស់ ចន្លោះពី៥០ ម៉ឺន ទៅ១លានរៀល តាមការយោគយល់ និងស្គាល់គ្នា ។
ប្រជានេសាទ បានស្នើឲ្យអភិបាលខេត្ត ជួយដោះស្រាយ និងកែសម្រួលទីតាំងទម្លាក់ប្រអប់ថ្មសារ ឡើងវិញ និងស្នើសុំឲ្យមន្ត្រីជំនាញអនុវត្តភារកិច្ចតួនាទី ដោយតម្លាភាព លុបបំបាត់អំពើពុករលួយ ប្រកាន់បក្សពួក ។
នាយផ្នែករដ្ឋបាលជលផលដំណាក់ស្តេច លោក ចក់ ស៊ីនាថ បានឲ្យដឹងថា មួយរយៈមកហើយ មន្ត្រីជលផល បានទម្លាក់ប្រអប់ថ្ម នៅទីតាំងទឹករាក់ ក្នុងតំបន់ប្រជុំកោះនានារបស់ខេត្តកែប ដើម្បីអភិរក្ស ធនធានបាតសមុទ្រ ដូចជាស្មៅសមុទ្រ ផ្កាថ្ម ជាដើម។ ប៉ុន្តែការនេសាទ ក្រៅពីការប្រើទូកអូស ដូចជា ដាក់ឈិប និងដាក់ម៉ង ជាដើម អាចបន្តនេសាទបានជាធម្មតា។
លោក បានបញ្ជាក់ថា ចំពោះការបង្ក្រាបឧបករណ៍ឆក់ខុសច្បាប់ មិនមានការលើកលែងនោះទេ។ លោក បានស្នើឲ្យប្រជានេសាទ ចូលរួមសហការ និងមានឆន្ទៈឈប់ប្រើប្រាស់ឧបករណ៍ឆក់ ដើម្បីការពារ ធនធានសមុទ្រឲ្យនៅគង់វង្សយូរអង្វែងតកូនចៅ។
បើតាមការបញ្ជាក់របស់ប្រជានេសាទជាង ១០០គ្រួសារ ថាប្រសិនបើមន្ត្រីជលផលហានធានាថា បង្រ្កាបបទស្មើលនេសាទ ដោយប្រើប្រាស់ឧបករណ៍ឆក់ប្រកបដោយ តម្លាភាព សមភាព មិនពុករលួយ ឬប្រកាន់បក្សពួក ប្រជានេសាទទាំងអស់ សុខចិត្តដុតកំទេចឧបករណ៍ឆក់របស់ខ្លួន ចោលទាំងអស់គ្នា ៕ អត្ថបទ៖ អន សារឹម