បាល់ទាត់៖ ក្រុមជើងឯកពិភពលោក ៤សម័យអាល្លឺម៉ង់បានរងបរាជ័យមិនគួរឲ្យក្នុងទឹកដីខ្លួនឯង ក្រោមថ្វីជើងក្រុមភ្ញៀវម៉ាសេដ្វានខាងជើង ក្នុងការប្រកួតវគ្គជំរុះ World Cup ២០២២ តំបន់អឺរ៉ុប។ Goran Pendev បើកការនាំមុខមុនឲ្យក្រុមភ្ញៀវម៉ាសេដ្វានខាងជើង មុនពេលដែល Ilkay Gundogan តាមស្មើ វិញដោយបាល់ពិន័យ ១១ម៉ែត្រនៅវគ្គទី២។

តែម៉ាសេដ្វានដែលមានចំណាត់ថ្នាក់ពិភពលោកលេខ ៦៥ នោះក៏រកបានគ្រាប់ជ័យជំនះមិនគួរឲ្យជឿនៅនាទីទី៨៥ ដោយខ្សែបំរើ Napoli, Eljif Elmas។ នេះជាបរាជ័យដំបូងសំរាប់ក្រុមអាល្លឺម៉ង់ក្នុងវគ្គជំរុះ World Cup ៣៥ប្រកួតជាប់គ្នា បន្ទាប់ពីបរាជ័យក្នុងវគ្គជំរុះចុងក្រោយបំផុតតាំងពីឆ្នាំ២០០១ នៅពេលចាញ់អង់គ្លេស ៥-១។ អាល្លឺម៉ង់នៅពេលនេះកំពុងឈរលេខ៣ ក្នុងពូល J មាន ៦ពិន្ទុក្រោយលេងបាន ៣ប្រកួតឈ្នះ២ ចាញ់១ ខណៈអាម៉េនីឈរលើគេមាន ៩ពិន្ទុក្រោយឈ្នះរ៉ូម៉ានី ៣-២ យប់មិញ។ រីឯក្រុមអង់គ្លេសរកបានជ័យជំនះ ៣ ប្រកួតជាប់គ្នាក្នុងពូលក្រោយយកឈ្នះប៉ូឡូញ ២-១។ Harry Kane ស៊ុតបាល់ពិន័យ ១១ម៉ែត្រនាំមុខមុននៅនាទីទី១៩ មុនពេលដែលប៉ូឡូញតាមស្មើវិញនៅវគ្គទីពីរនាទីទី៥៨ ដោយ Jakub Molder។

ក្រុមរបស់លោក Gareth Southgate ត្រូវរង់ចាំដល់នាទីទី៨៥ ដោយការស៊ុតបញ្ចូលទីរបស់ខ្សែការពារ Manchester United, Harry Maguire។ ជ័យជំនះនេះធ្វើអោយអង់គ្លេសលេង ៣ប្រកួតឈ្នះទាំងបីមាន ៩ពិន្ទុឈរលើគេក្នុងពូល I តាមពីក្រោយដោយហុងគ្រីមាន ៧ពិន្ទុ។
ងាកមកក្រុមជើងឯកពិភពលោកឆ្នាំ២០១០ គោជល់អេស្ប៉ាញរកបាន ៣ពិន្ទុក្រោយឈ្នះក្រុមភ្ញៀវកូសូវ៉ូ ៣-១។ Dani Olmo បើកការនាំមុខនៅនាទីទី៣៤ មុនពេលដែលខ្សែប្រយុទ្ធ Manchester City, Ferran Torres បន្ថែមមួយគ្រាប់ទៀតមុនចប់វគ្គទី១។ កូសូវ៉ូក៏តបបានមួយគ្រាប់ដោយ Besar Halimi តែ Gerard Moreno តែតបញ្ចូលទីគ្រាប់ចុងក្រោយឲ្យអេស្ប៉ាញយកឈ្នះកូសូវ៉ូ ៣-១ បន្តឈរលើគេក្នុងពូល B មាន ៧ពិន្ទុ តាមពីក្រោយដោយស៊ុយអែតមាន ៦ពិន្ទុ និងក្រិកមាន ២ពិន្ទុ។
ចំណែកឯក្រុមជើងឯកពិភពលោក ២០១៨ បារាំងក៏មិនភ្លាត់ ៣ពិន្ទុដែរក្រោយឈ្នះនៅទឹកដីបូស្នៀ ១-០ ដោយគ្រាប់បាល់ជ័យជំនះ ១គ្រាប់គត់របស់ Antoine Griezmann។ បីពិន្ទុនេះធ្វើឲ្យក្រុមរបស់លោក Didier Deschamps បន្តនាំមុខគេក្នុងពូលមាន ៧ពិន្ទុក្រោយលេងបាន ៣ប្រកួត ខណៈក្រុមលេខ២ អ៊ុយក្រែនមានត្រឹម ៣ពិន្ទុក្រោយស្មើកាហ្សាក់ស្ថានក្នុងដីខ្លនឯង ១-១ យប់មិញ។ លទ្ធផលផ្សេងទៀតមានក្រុមជើងឯកពិភពលោក ២០០៦ អ៊ីតាលីបន្តឈ្នះ ៣ប្រកួតជាប់គ្នាក្រោយយកឈ្នះនៅទឹកដីលីទុយអានី ២-០ បន្តនាំមុខគេក្នុងពូល C មាន ៩ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ