ពោធិ៍សាត់ ៖ មូលនិធិ Planet Water បានតម្លើងប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ AquaSan នៅ២ទីតាំង ដែលប៉មទី៣៩ ស្ថិតនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យពោធិ៍ ក្នុងខេត្តកំពង់ឆ្នាំង និងប៉មទី៤០ ស្ថិតនៅអនុវិទ្យាល័យព្រះសីហនុ ក្រគរ ក្នុងខេត្តពោធិ៍សាត់, នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
មូលនិធិកូកា-កូឡា គឺ ជា ស្ថាប័ន សប្បុរសធម៌ សាកល របស់ក្រុមហ៊ុនកូកា-កូឡា ដែលបាន ផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បី ដាក់ពង្រាយ ប៉មចម្រោះទឹកស្អាតAquaTowers និងម៉ាស៊ីនអនាម័យAquaSans ទាំងនេះ ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ស្រី Saadia Madsbjerg ប្រធាន មូលនិធិកូកា-កូឡា មានប្រសាសន៍ថា៖ «មូលនិធិកូកា-កូឡា មានប្រវត្តិយូរអង្វែងមកហើយ នៅទូទាំងពិភពលោកក្នុងការគាំទ្រ គម្រោងនានាលើកិច្ចការពារ និងផ្តល់លទ្ធភាព ទទួលបានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅប្រទេស កម្ពុជាវិញ យើង មាន មោទនភាព ដែលការឧបត្ថម្ភគាំទ្រ របស់ យើងដល់មូលនិធិ Planet Water នឹងអាច ផ្តល់លទ្ធភាពទទួលបានទឹកពិសាប្រកប ដោយសុវត្ថិភាព និងឥតគិតថ្លៃសម្រាប់ប្រជាសហគមន៍។ គម្រោងនេះនឹង គ្របដណ្តប់នៅ ទូទាំងប្រទេសកម្ពុជា គិតត្រឹមបំណាច់ ឆ្នាំ ២០២២នេះ។ ចាប់តាំងពីឆ្នាំ២០១៦មក តាម រយៈការគាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉មចម្រោះ ទឹកស្អាត AquaTowers ចំនួន៣៨ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាង ៦៧,៨០០ នាក់ ក្នុងខេត្តចំនួន២២ នៅទូទាំង ប្រទេសកម្ពុជា។ គិតត្រឹមបំណាច់ឆ្នាំ ២០២២នេះ យើងនឹងអាចសម្រេចបានប៉ម ចម្រោះទឹកស្អាត AquaTowers ចំនួន៤១ នៅ គ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹក ស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។ ក្រៅពីទឹកស្អាតសម្រាប់បរិភោគ គម្រោង AquaTower ក៏ផ្តល់ជូនសាលារៀន និង សហគមន៍ ជនបទ នូវកន្លែងលាងសម្អាតដៃ និងអនាម័យផងដែរ។ គម្រោងនេះក៏មានកម្មវិធីអប់រំ អនាម័យដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ។
ថ្លែងក្នុងពិធីសម្ពោធនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យពោធិ៍ ក្នុងខេត្តកំពង់ឆ្នាំង លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «ការអភិវឌ្ឍប្រទេសចាំបាច់ត្រូវការធនធានមនុស្សប្រកបដោយសមត្ថភាព ប៉ុន្តែបើមានសុខភាពមិនល្អ វានឹងក្លាយជាឧបសគ្គមួយដល់ការអភិវឌ្ឍ។ ការផ្តល់មធ្យោបាយណាមួយដែលជួយឱ្យសិស្ស និងប្រជាពលរដ្ឋឈានទៅរកការមានសុខភាពល្អ ពិតជាការចូលរួមចំណែកដ៏ធំធេងដល់ការអភិវឌ្ឍប្រទេសជាតិ។ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជា មូលនិធិកូកា-កូឡា អង្គការមូលនិធិPlanet Water ដែលបានតម្លើង និងផ្តល់ជូនសម្ភារៈទាំងអស់នេះដល់សាលារៀន និងសហគមន៍មូលដ្ឋាន និងសូមកោតសរសើរដោយស្មោះដល់ភាគីពាក់ព័ន្ធទាំងអស់»។
ដោយឡែកនៅក្នុងពិធីសម្ពោធនៅអនុវិទ្យាល័យព្រះសីហនុក្រគរ ក្នុងខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ការផ្តល់ជូននូវប៉មចម្រោះទឹកដោយមូលនិធិកូកា-កូឡានាថ្ងៃនេះ នឹងរួមចំណែកក្នុងការកាត់បន្ថយការចំណាយ លើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់សិស្សានុសិស្ស ក៏ដូចជាសហគមន៍នៅក្នុងមូលដ្ឋាន ដោយពួកគាត់អាចទទួលបានទឹកស្អាតសម្រាប់ពិសាទាំងនៅសាលារៀន និងអាចយកទៅប្រើប្រាស់នៅតាមផ្ទះផងដែរ។
ជាចុងក្រោយលោក Mark Steele ស្ថាបនិក និង ជានាយកប្រតិបត្តិ របស់មូលនិធិ Planet Water បានមានប្រសាសន៍ថា ឥទ្ធិពល ដែល យើងកំពុងបង្កើតមិនអាចវាស់បានដោយ តួលេខនោះទេតែតាមរយៈការនាំយកទឹក ស្អាតទៅកាន់សហគមន៍ដែលខ្វះខាតពួក យើងកំពុងធ្វើឱ្យប្រសើរ ឡើងនូវសុខភាព និងគុណភាពជីវិតសម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវនេះពួកគាត់អាចបង្វែរការយកចិត្ត ទុកដាក់របស់ខ្លួនទៅកាន់ទិដ្ឋភាពផ្សេងទៀត នៃ ជីវិតជំនួស ឱ្យការនៅតែបន្តបារម្ភអំពី បញ្ហាប្រឈមនេះ។
សូមជម្រាបជូនផងដែរថាចាប់តាំងពី ឆ្នាំ ២០១០មក មូលនិធិកូកា-កូឡា បានបរិច្ចាគថវិកា ជាង១៣លានដុល្លារ ដល់កិច្ចសហប្រតិបត្តិការទឹកនានា នៅក្នុងបណ្តាប្រទេសនានា នៅ ទូទាំងតំបន់អាស៊ីអាគ្នេយ៍៕ អត្ថបទ ៖ រដ្ឋា














