ភ្នំពេញ : តាមរយៈហ្វេសប៊ុកនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះកីឡាករតេក្វាន់ដូ WTកម្ពុជា ២រូប រួមមានកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។
សម្ដេចតេជោបានគូសបញ្ជាក់ផងដែរថា នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប បានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទទួលបានមេដាយចំនួន០២នាក់ ដោយឡែក កីឡាករ ផល សុវណ្ណាត់ នឹងប្រកួតនៅថ្ងៃស្អែកជាបន្តទៀត។
ជាមួយគ្នានេះសម្ដេចតេជោ ក៏បានជូនពរ ដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់ ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 សូមទទួលបានសុខភាពល្អ និងនាំជោគជ័យដល់កម្ពុជាយើងទាំងមូល៕


