ភ្នំពេញ : នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានយកឈ្នះក្រុមឡាវ ដោយលទ្ធផល ១១ ទល់នឹង ៥ សម្រាប់ការប្រកួតលើកទី១ លើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់ ប៉ុន្តែក្រុមបាល់បោះជិះរទេះ បុរសកម្ពុជា បានចាញ់ក្រុមថៃ ក្នុងលទ្ធផល ៤-១៦ពិន្ទុ។
ក្នុងអំឡុងពេលនៃការប្រកួតនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ក្នុងបេសកកម្មអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី បានអញ្ជើញលើកទឹកចិត្តក្រុមបាល់បោះជិះរទេះកម្ពុជាដោយផ្ទាល់ ក្នុងការប្រកួតនៅពហុកីឡដ្ឋានមួយក្នុងទីក្រុងសូឡូ។
សូមជម្រាបជូនថា វិញ្ញាសាបាល់បោះជិះរទេះនារីនេះ មាន០៤ប្រទេសចូលរួម គឺកម្ពុជា ឡាវ ហ្វីលីពីន និងថៃ ដែលត្រូវធ្វើការប្រកួតវិលជុំ ដោយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ គឺក្រុមលេខ១ និងលេខ២ នឹងត្រូវជួបគ្នាដណ្ដើមមេដាយមាស ខណៈក្រុមឈរលេខ៣ និងលេខ៤ នឹងត្រូវជួបគ្នាដណ្ដើមមេដាយសំរឹទ្ធ៕
រូបថត៖ ខឹម សុវណ្ណារ៉ា - យឹម សុវឌ្ឍនា - AKP














