ភ្នំពេញ៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃសមាគមអតីតយុទ្ធជនកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ដែលរដ្ឋសភាជាតិបានអនុម័តរួច។ ការធ្វើវិសោធនកម្មលើកទី១០នេះ មានសារៈសំខាន់បំផុត ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងចូលរួមធានាដល់ស្ថាប័នកំពូលរបស់ជាតិ ឲ្យដំណើរការប្រព្រឹត្តទៅបានល្អ ដោយរលូន មិនជាប់គាំង ពិសេសការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដើម្បីការអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយសុខដុមរមនា។
សូមជំរាបថា ការធ្វើវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលត្រូវបានរដ្ឋសភាសម្រេចអនុម័តទាំងស្រុងក្រោមសំឡេងគាំទ្រ ១០៥លើ១០៦សំឡេង ក្នុងសម័យប្រជុំពេញអង្គ កាលព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។
