ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដានេះ កម្ពុជាបន្តដឹកនាំជួបពិភាក្សាគ្នាជាមួយបណ្តាមន្រ្តីជាន់ខ្ពស់ការបរទេសអាស៊ានពីរបៀបវរ:សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលេីកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងមុនឈានទៅរកពិធីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន រយ:ពេល៨ថ្ងៃ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅថ្ងៃទី៣១ ខែកក្កដានេះ មន្រ្តីជាន់ខ្ពស់ការបរទេសកម្ពុជា បានដឹកនាំកិច្ចប្រជុំចំនួនពីររួមមាន កិច្ចប្រជុំគណ:កម្មការនៃកិច្ចប្រជុំឧត្តមមន្រ្តីការបរទេសអាស៊ាន (SOM) និងកិច្ចប្រជុំរបស់គណ:កម្មការអចិន្រ្តៃយ៍តំណាងអាស៊ាន (CPR)។
គិតមកទល់ពេលនេះឧត្តមមន្រ្តីអាស៊ានថ្នាក់រដ្ឋលេខាធិការ និងអគ្គនាយករបស់បណ្តាក្រសួងការបរទេសអាស៊ានបានមកដល់កម្ពុជាហេីយ ខណ:នៅថ្ងៃទី០១ សីហាស្អែកនេះ បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាននឹងអញ្ជេីញដល់កម្ពុជាជាបន្តបន្ទាប់។
ដោយឡែកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបក និងដៃគូ ក៏មានបណ្តារដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសមហាអំណាយមួយចំនួននឹងចូលរួម ដូចជា ចិន អាមេរិក កូរ៉េ ជប៉ុន កាណាដា អង់គ្លេស រុស្ស៊ី ឥណ្ឌា អូស្រ្តាលី ញូហ្សឺឡែន និងសហគមន៍អឺរ៉ុប។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ រួមមានកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ, ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស, រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥, សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៣, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២, កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩។
ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍ការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់ ខណ:រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២១ផងដែរ។
ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ នឹងមានកិច្ចប្រជុំត្រីភាគីចំនួនបីដាច់ដោយឡែកពីគ្នា រវាងកម្ពុជា និងលេខាធិការដ្ឋានអាស៊ាន ជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួនបី រួមមាន ប្រទេសន័រវេស ប្រទេសតួកគី និងប្រទេសស្វីស។
ក្រៅពីប្រទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងប្រទេសទាំងប្រាំមួយ ដែលចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ខាងលើ ប្រទេសចំនួនបួនផ្សេងទៀត នឹងត្រូវបានអញ្ជើញជាភ្ញៀវនៃប្រធានអាស៊ានឆ្នាំ២០២២ រួមមានប្រទេសប៉ាពួញូវហ្គីណេ ម៉ារ៉ុក ទីម័រខាងកើត និងអាស៊ែបៃហ្សង់។