ភ្នំពេញ៖ សមាជិកទាំងអស់នៃគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ដែលរដ្ឋសភាជាតិបានអនុម័តរួច ដើម្បីធានាឲ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាឧត្ដមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា។
សូមជំរាបថា ការធ្វើវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលត្រូវបានរដ្ឋសភាសម្រេចអនុម័តទាំងស្រុងក្រោមសំឡេងគាំទ្រ ១០៥លើ១០៦សំឡេង ក្នុងសម័យប្រជុំពេញអង្គ កាលព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។
