អាស៊ានប៉ារ៉ាឡាំពិក៖ ពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាឡាំពិកហ្គេមលើកទី១១ បានប្រព្រឹត្តិទៅជាផ្លូវការនៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះនៅពហុកីឡដ្ឋាន Stadion Manahan ស្ថិតក្នុងទីក្រុងសូឡូ ខេត្តស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមវត្តមានលោកបណ្ឌិត (H.C) K.H. MA’RUF AMIN អនុប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូណេស៊ី និងថ្នាក់ដឹកនាំកីឡាប៉ារ៉ាឡាំពិកមកពីបណ្ដាប្រទេសអាស៊ានទាំង ១០ និងប្រទេសទីម័រខាងកើត។
ព្រឹត្តិការណ៍នេះទទួលបានការចូលរួមពីក្រុមកីឡាករ-កីឡាការិនីជាជនមានពិការភាពដែលនឹងធ្វើការប្រកួតលើ១៤ ប្រភេទកីឡា ដែលក្នុងនោះកម្ពុជាក៏បានបញ្ជូនក្រុមកីឡាករចំនួន ១១៥នាក់ចូលរួមប្រកួតលើ១១ ប្រភេទកីឡាផងដែរ។ យោងតាមហ្វេសប៊ុកផ្លូវការ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជាបានលើកឡើងថា ពិតណាស់ កីឡាមិនត្រឹមតែនាំមកនូវសុខភាព ប៉ុន្តែកីឡាថែមទាំងបង្កើតបាននូវសាមគ្គីភាពសម្រាប់យើងគ្រប់គ្នា។ សម្រាប់ក្រុមជនដែលមានពិការភាព ការផ្តល់លទ្ធភាព និងគាំទ្រឲ្យបានចូលរួមប្រកួត ជាការលើកស្ទួយនូវសិទ្ធិ សេរីភាព សមភាព និងការទទួលស្គាល់នូវតម្លៃរបស់ពួកគាត់ជាប្រជាពលរដ្ឋពេញលេញ។

ឯកឧត្តមបន្តថា ក្នុងស្មារតីនេះ កម្ពុជាមិនត្រឹមតែបានបញ្ជូនក្រុមកីឡាករ កីឡាការិនីក្នុងទ្រង់ទ្រាយធំមកប្រកួតនាពេលនេះប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ ខាងមុខនេះ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។ នេះសរបញ្ជាក់យ៉ាងច្បាស់ពីគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលយើង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចក៏ជាជនពិការម្នាក់ដែរនោះ។ ឯកឧត្តមប្រធានប្រតិភូបន្តលើកឡើងថា ពិតណាស់ ពួកគាត់មានពិការភាពតែអវយវៈ ប៉ុន្តែទឹកចិត្តរបស់ពួកគាត់មិនពិការឡើយ។ ពួកគាត់នៅពេលនេះជាតំណាងឲ្យកម្ពុជាយើង ពួកគាត់នៅពេលនេះជាមុខមាត់ជាតិយើង! សូមចូលរួមគាំទ្រដល់កីឡាករ កីឡាការិនីយើងទាំងអស់គ្នា៕
អត្ថបទ៖ គង់ ហួន