រុស្ស៊ី៖ យោងតាមគោលការណ៍កងទ័ពជើងទឹកថ្មីរបស់រុស្ស៊ី ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីលោក Vladimir Putin កាលពីថ្ងៃអាទិត្យ ការព្យាយាមរបស់សហរដ្ឋអាមេរិកក្នុងការដាក់សម្ពាធនៅមហាសមុទ្រ និងការពង្រីកឥទ្ធិពលរបស់សម្ព័ន្ធយោធាណាតូ គឺជាការគំរាមកំហែងដ៏ធំបំផុតដែលរុស្ស៊ីកំពុងប្រឈម។

ឯកសារកម្រាស់ ៥៥ទំព័របាននិយាយថា ការប្រកួតប្រជែង និងការគំរាមកំហែងដល់សន្តិសុខជាតិ និងការអភិវឌ្ឍន៍គឺជាកម្មវត្ថុយុទ្ធសាស្ត្ររបស់ទីក្រុង Washington ក្នុងការប្រើឥទ្ធិពលគ្រប់សង្កត់មហាសមុទ្រនានារបស់ពិភពលោក ហើយរចនាសម្ព័ន្ធយោធាណាតូកំពុងរំកិលទៅរកព្រំដែននានារបស់រុស្ស៊ី។ ឯកសារគោលការណ៍កងទ័ពជើងទឹកថ្មី ដែលបានចុះហត្ថលេខានៅថ្ងៃទិវាកងទ័ពជើងទឹករុស្ស៊ី (Russian Navy Day) បាននិយាយថា បញ្ហាផ្ទៃក្នុងឯករាជ្យ និងគោលនយោបាយខាងក្រៅរបស់រុស្ស៊ី ប្រឈមនឹងវិធានការវាយបកពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលមានគោលបំណងបង្ហាញឥទ្ធិពលរបស់ពួកគេនៅក្នុងពិភពលោក រួមទាំងនៅមហាសមុទ្រនានារបស់ខ្លួនផងដែរ។
ទីក្រុង Moscow ចាត់ទុកសម្ព័ន្ធយោធាលោកខាងលិចដែលជាសត្រូវ របស់សហភាពសូវៀតអំឡុងសង្គ្រាមត្រជាក់ថា ជាការគំរាមកំហែងដល់ជាតិរបស់ខ្លួន ដោយការប្រើប្រាស់ក្ដីសង្ឃឹមសមាជិកភាពរបស់អ៊ុយក្រែន ដើម្បីបញ្ជាក់ពីភាពស្របច្បាប់របស់ខ្លួនក្នុងការវាយលុកកាលពីថ្ងៃទី២៤កុម្ភៈ។ ឯកសារនេះនិយាយថា ក្រុង Moscow នឹងព្យាយាមពង្រឹងជំហរឈានមុខរបស់ខ្លួនក្នុងការស្រាវជ្រាវ និងការរុករកធនធានរ៉ែរបស់ខ្លួន និងរក្សាស្ថិរភាពជាយុទ្ធសាស្ត្រនៅទីនោះ តាមរយៈការពង្រីកសក្ដានុពលនៃកងនាវាខាងជើង និងមហាសាគរប៉ាស៊ីហ្វិក៕
អត្ថបទ៖ សុខមាន