មីយ៉ាន់ម៉ា៖ សារព័ត៌មានរដ្ឋបាននិយាយនៅថ្ងៃចន្ទនេះថា ប្រមុខយោធាសហភាពមីយ៉ាន់ម៉ាលោក Min Aung Hlaing នឹងបន្ថែមពេលវេលាដាក់ប្រទេសក្នុងគ្រាអាសន្ននៅក្នុងប្រទេសនេះរយៈពេល ៦ខែទៀត ដែលមានសេចក្ដីរាយការណ៍ថា ក្រសួងការពារជាតិ និងក្រុមប្រឹក្សាសន្តិសុខរបស់របបសឹកនេះបានអនុម័តរួចហើយ។

របបសឹកនេះបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នលើកដំបូង ក្រោយដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ សារព័ត៌មាន Global New Light of Myanmar បានរាយការណ៍ថា បណ្ដាសមាជិកក្រុមប្រឹក្សាសន្តិសុខនេះបានគាំទ្រជាឯកច្ឆន្ទ លើសំណើបន្ថែមពេលវេលាប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ៦ខែទៀត។
សារព័ត៌មាននេះបានចុះផ្សាយដោយសំអាងដល់ប្រភពពីលោក Min Aung Hlaing ដែលនិយាយថា នៅក្នុងប្រទេសរបស់យើង យើងត្រូវតែបន្តពង្រឹងប្រព័ន្ធប្រជាធិបតេយ្យពហុបក្សពិតប្រាកដ និងមានវិន័យច្បាស់លាស់ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ សហភាពមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារ ដែលធ្វើឲ្យជម្លោះរីករាលដាលពាសពេញប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីយោធាបានបង្ក្រាបការតវ៉ាភាគច្រើនជាការតវ៉ាដោយស្ងៀមស្ងាត់នៅក្នុងទីក្រុងនានា៕
អត្ថបទ៖ សុខមាន