បាញ់កាំភ្លើង៖ ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានជំរុញគណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធត្រូវបន្ដពង្រឹងយុទ្ធសាស្ដ្រ ៣ ដើម្បីមានឱកាសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដ្បិតបច្ចុប្បន្នកីឡានេះស្ថិតក្នុងបញ្ជីកីឡាបម្រុង បន្ទាប់ពីក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានអនុម័តកីឡា ៣៩ប្រភេទ សម្រាប់ស៊ីហ្គេមនៅកម្ពុជាកាលពីថ្មីៗ។
ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ ដោយបានរុះរើសមាជិកគណៈកម្មាធិការប្រតិបត្តិមួយចំនួន ដើម្បីពង្រឹងសកម្មភាពការងារ និងជំរុញការអភិវឌ្ឍវិស័យកីឡាបាញ់កាំភ្លើងកម្ពុជា។ ក្រោយទទួលបានការគាំទ្របន្ដធ្វើប្រធានសហព័ន្ធ អាណត្តិទី៣ ឯកឧត្តម មៀច សុផាន់ណា បានបញ្ជាក់ថា មានភារកិច្ចជាច្រើនកំពុងរង់ចាំសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មី ពិសេសយុទ្ធសាស្ដ្រ ៣ ដែលត្រូវសម្រេចឲ្យបានដើម្បីបង្ហាញដល់គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការបញ្ចូលប្រភេទកីឡានេះទៅក្នុងការប្រកួតកីឡាស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជា។
ភារកិច្ចធំៗទាំង ៣ ដែលប្រមុខសហព័ន្ធបានលើកឡើង ទី១-ត្រូវសម្រេចឲ្យបាននូវការរៀបចំទីតាំង ឬទីលានប្រកួតសម្រាប់ឆ្នាំ២០២៣ ទី២-រៀបចំក្រុមមន្ដ្រីបច្ចេកទេស ទាំងអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិសម្រាប់ដាក់ពិន្ទុនាឆ្នាំ២០២៣ និងទី៣-ត្រូវធានាឲ្យបាននូវការដណ្ដើមមេដាយក្នុងនាមម្ចាស់ផ្ទះ មិនមែនរៀបចំស៊ីហ្គេមហើយឲ្យមេដាយគេនោះទេ។ ដូច្នេះឯកឧត្តមសង្ឃឹមថា សមាជិកទាំងអស់ ពិសេសអគ្គលេខាធិការសហព័ន្ធថ្មីត្រូវពួតដៃគ្នាដោះស្រាយ និងស្វែងរកគ្រប់មធ្យោបាយ ក៏ដូចជាវិធីសាស្ដ្រដើម្បីសម្រេចគោលដៅនេះ។ សូមបញ្ជាក់ថា សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្ដិទី៣ របស់សហព័ន្ធគឺមានចំនួន ១៩រូប ក្នុងនោះមានឯកឧត្តម មៀច សុផាន់ណា បន្ដធ្វើជាប្រធាន អមជាមួយអនុប្រធាន ៦រូបគឺមានឯកឧត្តម ចាប ភក្ដី, ឯកឧត្តម វ៉ាត់ ចំរើន, ឯកឧត្តម សោម ចន្ទឌីណា, ឯកឧត្តម តាន់ សុខវិជ្ជា, ឯកឧត្តមក ទៀ ណារ៉ាវុធ និងលោក ស៊ី មិញចាវ។ រីឯអគ្គលេខាធិការគឺលោក កែវ ហុកលី អមអគ្គលេខាធិការរង ៦រូប គ្រាដែលលោក ខៃ វណ្ណៈ ត្រូវបានគាំទ្រធ្វើជាអគ្គហេរញ្ញិក រួមជាមួយអគ្គហេរញ្ញិករង ២រូប និងសមាជិក ២រូបទៀត៕
អត្ថបទ៖ លី ឈុនឡា