បាល់ទាត់៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងក្នុងជ័យជំនះ ៤-០ របស់ Paris Saint Germain លើ Nantes ដើម្បីគ្រងជើងឯកពានបើករដូវកាល Trophee des Champions។ នេះជាប្រកួតផ្លូវការដំបូងរបស់ PSG ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Christophe Galtier ដែលជំនួសលោក Mauricio Pochettino។

Neymar ជាអ្នកបញ្ជូនគ្រាប់ដំបូងឱ្យ Lionel Messi ស៊ុតបើកការនាំមុខមុនពេល Neymar ខ្លួនឯងស៊ុតបាល់ Freekick នាំមុខ ២-០ ឱ្យ PSG ក្នុងការប្រកួតដែលរៀបចំនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។ អតីតខ្សែការពារ Real Madrid, Sergio Ramos ជាអ្នករកបានគ្រាប់នាំមុខ ៣-០ ឱ្យ PSG មុនពេលដែល Neymar រកបានគ្រាប់ទីពីររបស់ខ្លួនដែលជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ។ Trophee des Champions មិនខុសពី FA Community Shield នៅអង់គ្លេសទេ គឺជាការជួបគ្នារវាងក្រុមជើងឯកលីគ និងក្រុមជើងឯកខាប់ក្នុងស្រុក។ គិតមកដល់ពេលនេះ PSG បានឈ្នះពាន Trophee des Champions នេះ ៩លើកហើយក្នុងចំណោម ១០រដូវកាលចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ