អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់ជនស៊ីវិលទាំងអស់ដែលនៅតែកំពុងរស់នៅតាមផ្នែកនានានៃតំបន់ Donetsk ភាគខាងកើត ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនឲ្យជម្លៀសចេញ។

ថ្លែងអំឡុងសុន្ទរកថាយប់ជ្រៅចេញពីរដ្ឋធានី Kyiv លោក Zelensky បាននិយាយថា ការវាយប្រយុទ្ធគ្នានៅក្នុងតំបន់នេះកំពុងមានសភាពខ្លាំងក្លា។ លោកថា ពេលនេះមានមនុស្សកាន់តែច្រើនចាកចេញពីតំបន់ Donetsk ចំណែកពលរដ្ឋមួយចំនួនតូចដែលនៅសេសសល់នឹងត្រូវកងទ័ពរុស្ស៊ីសម្លាប់។ តំបន់នេះបានមើលឃើញការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា ស្របពេលមានការវាយរុលទៅមុខយឺតៗពីកងកម្លាំងរុស្ស៊ី ដែលបានគ្រប់គ្រងដែនដីដ៏ធំរបស់តំបន់នេះរួចទៅហើយ។ លោកប្រធានាធិបតីរូបនេះបានបន្ថែមថា យើងនឹងប្រើប្រាស់រាល់ឱកាសទាំងអស់តាមលទ្ធភាព ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន និងទប់ស្កាត់អំពើភេរវកម្មដែលបង្កឡើងដោយរុស្ស៊ី ឲ្យបានច្រើនតាមដែលអាចធ្វើបាន។
យោងតាមការប៉ាន់ប្រមាណរបស់អ៊ុយក្រែន នេះមិនមែនជាលើកទី១ ទេដែលក្រុមអាជ្ញាធរអ៊ុយក្រែនបានប្រាប់ពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពីតំបន់នេះ។ ជនស៊ីវិលចន្លោះពី 200,000 ទៅ 220,000នាក់នៅតែកំពុងរស់នៅក្នុងតំបន់ Donetsk គ្រប់គ្រងដោយអ៊ុយក្រែន។ ការជូនដំណឹងអំពីការជម្លៀសពីរដ្ឋាភិបាលបានព្រមានថា រដូវរងាដែលនឹងមកដល់នាពេលខាងមុខនឹងធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនខ្លាំង ពិសេសសម្រាប់កុមារ៕
អត្ថបទ៖ សុខមាន