បាល់ទាត់៖ ក្លិបឡើងថ្មី Nottingham Forest មិនទាន់បិទការចំណាយរបស់ខ្លួនឡើយក្នុងការទិញដូរកីឡាករត្រៀមរដូវកាលថ្មី បន្ទាប់ពីបានសំរេចក្នុងការនាំយកកីឡាករថ្មីទី១២ គឺខ្សែបម្រើប៊ែលហ្ស៊ិក Orel Mangala ពីក្លិបអាល្លឺម៉ង់ Stuttgart តម្លៃ ១២.៧លានផោន។

កីឡាករវ័យ ២៤ឆ្នាំរូបនេះបានបង្ហាញខ្លួន ២៩ប្រកួតនៅ Bundesliga រដូវកាលមុនជាមួយ Stuttgart និងធ្លាប់បង្ហាញខ្លួនឱ្យក្រុមជំរើសជាតិប៊ែលហ្ស៊ិកពីរលើកកាលពីខែមីនា។ នេះជាការវិលត្រលប់មកកាន់ក្របខណ្ឌកំពូល English Premier League ជាលើកដំបូងតាំងពីឆ្នាំ១៩៩៩ សំរាប់អតីតជើងឯកអឺរ៉ុប Nottingham Forest ហើយការមកកាន់ក្របខណ្ឌកំពូលនេះ Forest បានពង្រឹងសមាភាពកីឡាកររបស់ខ្លួនខ្លាំងសំរាប់រដូវកាលថ្មីនេះ។
មុនការមកដល់របស់ Orel Mangala, Nottingham Forest បាននាំយកកីឡាករសំខាន់ៗជាច្រើនដូចជា Jesse Lingard ដែលចាកចេញពី Manchester United ក្រោយផុតកិច្ចសន្យា ក៏ដូចជាការចំណាយលុយបំបែកកំណត់ត្រារបស់ខ្លួនក្នុងការនាំយកខ្សែប្រយុទ្ធនីហ្សេរីយ៉ា Taiwo Awoniyi និង Neco Williams ពី Liverpool ជាដើម។ Nottingham Forest ត្រូវបើករដូវកាល English Premier League ធ្វើដំណើរទៅទឹកដី Newcastle United ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ