ភ្នំពេញ៖ ករណីឆ្លងកូវីដ-១៩ បន្តកើនឡើងជាប្រចាំថ្ងៃ ចាប់ពីជាង ១០ ករណីក្នុងមួយថ្ងៃ រហូតដល់ជាង ៤០ករណី។ ការរកឃើញករណីឆ្លងថ្មីកើនឡើងជាប្រចាំថ្ងៃនេះ គឺភាគច្រើនបំផុតជាការឆ្លងក្នុងសហគមន៍។
ក្រសួងសុខាភិបាលបានព្រមានដែរថា ករណីឆ្លងគឺនឹងលើសចំនួននេះទៅទៀត បើប្រជាពលរដ្ឋនៅតែព្រងើយកន្តើយ ធ្វេសប្រហែសក្នុងការការពារ។
រយៈពេល ៣ថ្ងៃ ជាប់គ្នា ពីថ្ងៃទី ២៨ កក្កដារហូតដល់ថ្ងៃទី ៣០ ករណីឆ្លងកូវីដ-១៩ គឺមានការហក់ឡើងគួរឱ្យកត់សម្គាល់។ ករណីឆ្លងគឺបានកើនឡើងដល់ ១០៩ ករណីត្រឹមរយៈពេល ៣ថ្ងៃ ប៉ុណ្ណោះ ហើយការឆ្លងនេះ ជាស្ដែងគឺមានការនាំចូលតែ ១ ករណីប៉ុណ្ណោះ ក្រៅពីនេះជាករណីឆ្លងក្នុងសហគមន៍ ដែលរកឃើញលើប្រជាពលរដ្ឋដែលស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ នេះជាការបញ្ជាក់ក្នុងសេចក្ដីជូនព័ត៌មានប្រចាំថ្ងៃ របស់ក្រសួងសុខាភិបាល។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានព្រមានថែមថា ករណីឆ្លងគឺអាស្រ័យលើការចូលរួមអនុវត្តវិធានការការពារ “៣ការពារ និង ៣កុំ “ របស់ប្រជាពលរដ្ឋផ្ទាល់។ ប្រសិនបើការព្រងើយកន្តើយនិងមើលរំលងលើលទ្ធភាពឆ្លងលឿនរបស់វីរុសនេះបន្តមានច្រើន នោះការកើនឡើងនូវករណីឆ្លងក៏នឹងអាចកើតមានដែរ។
លោកជំទាវ អំពាវនាវ បងប្អូនចូលរួមបន្តអនុវត្ត ៣ការពារ និង៣កុំ ហើយទៅទទួលយកវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឱ្យបានទាន់ពេលដែលដល់វេនត្រូវចាក់។ ទន្ទឹមនឹងការរកឃើញករណីឆ្លងប្រចាំថ្ងៃកើនឡើងបែបនេះ ប្រជាពលរដ្ឋសង្កេតឃើញថា មានមនុស្សជាច្រើនចាប់ផ្ដើមធ្វេសប្រហែសច្រើនជាងមុន ដោយការធ្វេសប្រហែស គឺមិនពាក់ម៉ាសការពារ នៅទីសាធារណៈ ។
ចំនួនករណីឆ្លងរកឃើញជាបន្តបន្ទាប់នេះ គឺជាករណីដែលបញ្ជាក់លទ្ធផលពី PCR ពុំបានរាប់បញ្ចូលការរកឃើញវិជ្ជមានតាមរយៈលទ្ធផលដែលចេញដោយ ឧបករណ៍តេស្តរហ័សនោះទេ។
កម្ពុជាបានចាក់វ៉ាក់សាំងដូសទី ៣ ដល់ប្រជាពលរដ្ឋប្រមាណ ៩.៧៤ លាននាក់ ការចាក់ដូសទី ៤សម្រេចបានប្រហែល ៣.៥លាននាក់ និងកាចាក់ដូសទី ៥សម្រេចបាន ៤៧៣.៨៤៥ នាក់ នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់៕ អត្ថបទ៖ គឹមហុក
