ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១ ខែសីហានេះ បានប្រកាសសមាសភាព គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣ ដើម្បីជំរុញទស្សនាកម្ពុជា ឆ្នាំ២០២៣។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រង និង អភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានថ្លែងថា យន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និង អភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ គឺជាមូលដ្ឋានដ៏សំខាន់ ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ខណៈផែនការមេនេះ គឺជាផែនការអភិវឌ្ឍវិស័យទេសចរណ៍ដំបូងគេដែលត្រូវបានដាក់ឱ្យអនុវត្តដោយរាជរដ្ឋាភិបាល និងជាសញ្ញានៃការចាប់ផ្តើមការកសាងវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថា ការអនុវត្តផែនមេអភិវឌ្ឍខេត្តសៀមរាបឆ្នាំ២០២១ ឆ្នាំ២០៣៥ បានធ្វើឡើងស្របពេល រាជរដ្ឋាភិបាលបានស្ថាបនាផ្លូវ ៣៨ ខ្សែនៅក្នុងខេត្តសៀមរាប បានសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបង្កើនភាពទាក់ទាញរបស់ខេត្តសៀមរាប ដែលស័ក្ដិសមជាគោលដៅទេសចរណ៍សំខាន់បំផុតរបស់កម្ពុជា ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា នៅតាមតំបន់គោលដៅទេសចរណ៍នៅខេត្តសៀមរាបទាំង៦ តំបន់នោះ នឹងត្រូវរួមគ្នាជំរុញអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ដើម្បីជំរុញការទាក់ទាញបន្ថែម ប្រកបដោយភាពច្នៃប្រឌិត គុណភាព សុវត្ថិភាពតម្លៃសមរម្យ ជាពិសេសគឺការជំរុញរៀបចំកញ្ចប់ទស្សនកិច្ច តម្លៃសមរម្យមកទស្សនាខេត្តសៀមរាបជូនភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដើម្បីឆ្ពោះទៅកាន់ការប្រារព្ធយុទ្ធនាការ ទស្សនាកម្ពុជា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា ខេត្តសៀមរាប ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ បានទទួលភ្ញៀវទេសចរអន្តរជាតិទៅទស្សនា ប្រមាណ ៦ម៉ឺននាក់ កើនឡើង១០២៥% និងបានទទួលទេសចរក្នុងស្រុកទៅទស្សនាមានជាង ១លាននាក់ កើនប្រមាណ៧៩៨%ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕ អត្ថបទ៖ ស៊ុម សុខជា