ភ្នំពេញ៖ ពលរដ្ឋនៅរាជធានីភ្នំពេញ បានសំដែងការគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរដ្ឋសភា បានអនុម័ត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ។ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែសីហានេះ បានប្រាប់BTVថា ជាការយល់ឃើញ របស់ពួកគេការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺមានសារសំខាន់ណាស់សម្រាប់បម្រើផលប្រយោជន៍ប្រទេសជាតិ ជាពិសេសធានាស្ថិរភាពនយោបាយរបស់ប្រទេសជាតិគ្រប់កាលៈទេសៈ។
ពួកគេបានបង្ហាញជំនឿជឿជាក់លើការដឹកនាំរបស់គណក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ដែលតែងតែគិតគូរផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋសភា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ។
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ក្នុងគោលបំណងសំខាន់ៗចំនួនពីរ ទី១- ធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំ ណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងទី២- ធានាការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងសេចក្តីសុខសាន្ត របស់ប្រជាជនកម្ពុជា។
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ រាប់បញ្ចូលទាំងពេលនេះ គឺចំនួន១០លើកហើយ។ ការ ធ្វើវិសោធនកម្ម មានគោលបំណងធានាឱ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានានូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕អត្ថបទ៖ ទូច សោភ័ណ