ទួរគី៖ មន្ត្រីជាន់ខ្ពស់ប្រទេសទួរគីបាននិយាយថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែន អាចនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃចន្ទនេះពីកំពង់ផែភាគខាងត្បូង។ អ្នកនាំពាក្យប្រធានាធិបតីទួរគីលោក Ibrahim Kalin បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអាទិត្យថា នាវាទីមួយដែលដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនអាចនឹងចាកចេញនៅថ្ងៃចន្ទនេះ។

លោក Kalin និយាយថា ការផ្ទុកគ្រាប់ធញ្ញជាតិនៅលើនាវាត្រូវបានរៀបចំរួចហើយ។ ប្រទេសទួរគី និងអង្គការសហប្រជាជាតិបានចុះកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ីដើម្បីចាប់ផ្តើមនាំចេញស្រូវសាលីរបស់អ៊ុយក្រែន និងគ្រាប់ធញ្ញជាតិផ្សេងទៀតតាមច្រកសមុទ្រខ្មៅ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov អនុវត្តតាមកិច្ចព្រមព្រៀង នៅពេលដែលរដ្ឋមន្ត្រីទាំង២ បានជួបសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា ការប្រមូលផលនៅអ៊ុយក្រែននាឆ្នាំនេះអាចធ្លាក់ចុះប្រហែលពាក់កណ្តាល។
លោកនិយាយថា គោលដៅចម្បងរបស់អ៊ុយក្រែនគឺទប់ស្កាត់វិបត្តិស្បៀងអាហារពិភពលោក ដែលបង្កឡើងដោយការវាយលុករបស់រុស្ស៊ី។ លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានសរសេរនៅលើបណ្តាញសង្គមថា សហគ្រិនម្នាក់ដែលគ្រប់គ្រងក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិធំមួយរបស់ប្រទេស បានស្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Mykolaiv។ ខណៈរុស្ស៊ីបន្តការវាយលុកខ្លាំងក្លារបស់ខ្លួន ហើយកងទ័ពអ៊ុយក្រែនវាយបកវិញនៅភាគខាងត្បូង អ្នកវិភាគកំពុងរង់ចាំមើលថា តើពេលណាការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននឹងបន្តឡើងវិញបាន៕
អត្ថបទ៖ ប៊ុនថន