អាមេរិក៖ នគរបាលនិយាយថា មនុស្ស ៤នាក់រួមទាំងកុមារម្នាក់ផងត្រូវបានបាញ់សម្លាប់ ហើយជនរងគ្រោះទី៥ ត្រូវបានរងរបួសក្នុងការបាញ់ប្រហារមួយ នៅអគារការិយាល័យក្នុងរដ្ឋ California ភាគខាងត្បូងកាលពីថ្ងៃពុធ មុនពេលជនសង្ស័យត្រូវបានបាញ់ឲ្យរងរបួស។

គ្រាប់កាំភ្លើងជាច្រើនត្រូវបានបាញ់ ខណៈក្រុមមន្ត្រីបានទៅដល់អគារការិយាល័យកម្ពស់ ២ជាន់ក្នុងតំបន់ Orange ភាគអាគ្នេយ៍នៃទីក្រុង Los Angeles។ ជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីអ្វីដែលនគរបាលនិយាយថា ជាការបាញ់ប្រហារជាប់ពាក់ព័ន្ធនឹងមន្ត្រីម្នាក់។ គេនៅមិនទាន់ច្បាស់ទេថា អ្នកណាបានបាញ់ជនសង្ស័យនោះ ហើយអ្នកណាដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ស្នងការនគរបាលតំបន់ Orange លោកស្រី Jen Amat បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា មនុស្ស ៤នាក់បានស្លាប់ ហើយជនសង្ស័យត្រូវបានបាញ់ឲ្យរបួស និងបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ព្រមទាំងមានស្ថានភាពធ្ងន់ធ្ងរ។ ហើយក្រុមមន្ត្រីក៏បានរកឃើញកាំភ្លើងមួយដើមផងដែរ។
មិនមានព័ត៌មានលម្អិតបន្ថែមទៀតអំពីជនសង្ស័យ ឬជនរងគ្រោះនៅឡើយទេ។ គួររម្លឹកថា ការបាញ់ប្រហារនេះគឺជាហេតុការណ៍លើកទី៣ ហើយដែលបានកើតឡើងនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ២សប្ដាហ៍ បន្ទាប់ពីការបាញ់ប្រហារនៅហាងស្ប៉ា ៣កន្លែងក្នុងទីក្រុង Atlanta រដ្ឋ Georgia ដែលបានសម្លាប់មនុស្ស ៨នាក់ រួមទាំងស្ត្រីជនជាតិអាស៊ី ៦នាក់ និងការបាញ់ប្រហារនៅទីក្រុង Boulder នៃរដ្ឋ Colorado ដែលបានសម្លាប់មនុស្ស ១០នាក់៕
អត្ថបទ៖ សុខមាន