ស្វាយរៀង៖ ឯកឧត្ដម សៅ សុខា បានរំលឹកមន្ត្រីគ្រប់ស្ថាប័ន ពិសេសគណៈបញ្ជាការឯកភាពស្រុក ត្រូវបន្តដឹកនាំអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងបន្តចុះចលនាដឹកនាំពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ខណៈជំងឺកូវីដ-១៩ ទប់ទល់នឹងមេរោគបំប្លែងថ្មីកុំឱ្យឆ្លងនៅតាមសហគមន៍។
ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងផ្សព្វផ្សាយខ្លឹមសារលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា នៅស្រុករមាសហែក កាលពីថ្ងៃទី៣១ ខែកក្កដាម្សិលមិញ បានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ទទួលបានជោគជ័យ នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងស្រុករមាសហែកផងដែរ។
ដើម្បីរួមចំណែកធ្វើឱ្យមានសណ្តាប់ធ្នាប់សុវត្ថិភាព មន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសគណៈបញ្ជាការឯកភាពស្រុក ត្រូវចាត់តាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរួមរក្សាសន្តិភាពឱ្យនៅគង់វង្ស។
ឯកឧត្តម បានណែនាំ និងជំរុញដល់មន្ត្រីនៅគ្រប់ស្ថាប័នមូលដ្ឋានភូមិឃុំ បន្តចុះដឹកនាំពលរដ្ឋឲ្យពួកទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំ បន្ថយអត្រាចម្លងជំងឺ ខណៈដែលជំងឺកូវីដ-១៩ បានបំប្លែងខ្លួនជាបន្តបន្ទាប់ ។
ឯកឧត្តម សៅ សុខា បានធ្វើការណែនាំដល់មន្ត្រីគ្រប់ឋានានុក្រម ពិសេសរដ្ឋបាលឃុំ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តផ្ដល់សេវាតម្រូវការ សេវាបម្រើជូនពលរដ្ឋទៅតាមការស្នើសុំឱ្យបានទាន់ពេលវេលា ក្នុងករណីសេវាទាំងនោះហួសពីសមត្ថភាពឆ្លើយតប ត្រូវរាយការជូនទៅថ្នាក់លើ ដើម្បីរួមធ្វើការដោះស្រាយ និងឆ្លើយតបជូនពលរដ្ឋវិញនៅពេលណាមួយ ក្នុងឥរិយាបថបទទទួលខុសត្រូវចំពោះពលរដ្ឋនៅគ្រប់ពេលវេលា៕អត្ថបទ៖ ភា សារិត