សហរដ្ឋអាមេរិក៖ ប្រភពចំនួន៣ បាននិយាយថា ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi គ្រោងនឹងទៅទស្សនកិច្ចកោះតៃវ៉ាន់ ខណៈសហរដ្ឋអាមេរិកនិយាយថា វានឹងមិនត្រូវបានបំភិតបំភ័យដោយការគំរាមកំហែងរបស់ចិន ដែលថានឹងមិននៅស្ងៀមទេ ប្រសិនបើលោកស្រីធ្វើដំណើរទស្សនកិច្ចទៅកាន់កោះស្វ័យគ្រប់គ្រង ដែលក្រុងប៉េកាំងអះអាងថាជាខេត្តមួយរបស់ខ្លួន។

ប្រភពមួយបានប្រាប់សារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកបានផ្ដល់ដំណឹងទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួន អំពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់។ ចំណែកប្រភពចំនួន ២ទៀតបាននិយាយថា លោកស្រី Pelosi គ្រោងនឹងជួបក្រុមសកម្មជនមួយក្រុមតូច ដែលរិះគន់លើបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសចិន អំឡុងការស្នាក់នៅរបស់លោកស្រីនៅកោះតៃវ៉ាន់ ប្រហែលជានៅថ្ងៃពុធស្អែក។ ក្រសួងការបរទេសកោះតៃវ៉ាន់បាននិយាយថា ខ្លួនពុំមានយោបល់លើរបាយការណ៍នៃផែនការធ្វើដំណើររបស់លោកស្រី Pelosi នោះទេ។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ប្រធានសហរដ្ឋអាមេរិករូបនេះអាចនឹងទៅដល់ទីក្រុង Taipei នៅយប់ថ្ងៃអង្គារ និងទៅស្នាក់នៅសណ្ឋាគារ Grand Hyatt Hotel។
ក្រោយមកលោកស្រី Pelosi នឹងទៅកាន់សភារបស់កោះតៃវ៉ាន់នៅព្រឹកថ្ងៃពុធ ជាទីដែលលោកស្រីត្រូវបានគេរាយការណ៍ថានឹងជួបមេដឹកនាំរបស់កោះនេះ រួមទាំងមេដឹកនាំដីកោះនេះលោកស្រី Tsai Ing-Wen។ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Zhao Lijian បាននិយាយនៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃចន្ទថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។ កាលពីថ្ងៃចន្ទលោកស្រី Pelosi បានជួបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong, ប្រធានាធិបតីលោកស្រី Halimah Yacob និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់តំបន់អាស៊ី៕
អត្ថបទ៖ សុខមាន