បាល់ទាត់៖ ក្រុមបាល់ទាត់នារីអង់គ្លេសបានធ្វើការអបអរសាទរជើងឯកបាល់ទាត់នារីអឹរ៉ុបរបស់ខ្លួន ដែលជាពានបាល់ទាត់ធំដំបូងក្រោយខកខានច្រើនឆ្នាំ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។

ប្រធានក្រុមកីឡាការិនី Leah Williamson និងគ្រូបង្វឹក Sarina Wiegman ត្រូវបានចាត់ទុកជាបុគ្គលសំខាន់ដែលរួមចំនែកជួយអង់គ្លេសឈ្នះពានបាល់ទាត់នារី Euro ២០២២ នេះ។ ក្រុមបាល់ទាត់នារីអង់គ្លេសបានយកឈ្នះក្រុមជើងឯក ៨សម័យអាល្លឺម៉ង់ ២-១ ក្នុងម៉ោងបន្ថែមកាត់សេចក្តីនៅចំពោះមុខអ្នកគាំទ្រជាង ៨នាក់នៅកីឡដ្ឋាន Wembley។ សូមបញ្ជាក់ថា នេះជាពានបាល់ទាត់ធំទីមួយក្នុងរយៈពេល ៥៦ឆ្នាំនៃប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស ពោលគឺរាប់ទាំងបាល់ទាត់បុរស និងនារីអង់គ្លេសឈ្នះពានសំខាន់ចុងក្រោយបំផុតតាំងពីឆ្នាំ១៩៦៦ នៅពេលក្រុមបុរសលើកពាន World Cup។
ព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកអឺរ៉ុបមានអ្នកគាំទ្រចូលទស្សនាសរុបលើសពី ៥០ម៉ឺននាក់ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ Wembley នេះ ដែលជាចំនួនអ្នកទស្សនាច្រើនបំផុតបំបែកកំណត់ត្រាបាល់ទាត់នារីជើងឯកអឺរ៉ុប ពោលគឺបំបែកកំណត់ត្រាចាស់កាលពី Euro 2017 នៅប្រទេសហូឡង់ដែលមានអ្នកទស្សនាសរុបត្រឹមតែ ២៤០,០៥៥នាក់៕
អត្ថបទ៖នាង សុភាវុធ