សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា លោកបានត្រៀមរួចរាល់ ដើម្បីចុះកិច្ចព្រមព្រៀងថ្មីជាមួយរុស្ស៊ីស្ដីពីអាវុធនុយក្លេអ៊ែរ និងបានជំរុញឲ្យក្រុង Moscow បង្ហាញឆន្ទៈស្មោះត្រង់ ខណៈសមភាគីរុស្ស៊ីរបស់លោកគឺលោក Vladimir Putin និយាយថា មិនអាចមានអ្នកឈ្នះនៅក្នុងសង្គ្រាមនុយក្លេអ៊ែរណាមួយនោះទេ។
មេដឹកនាំទាំង២ បានចេញសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ខណៈក្រុមអ្នកការទូតបានជួបប្រជុំសម្រាប់សន្និសីទពិនិត្យឡើងវិញរយៈពេលមួយខែ ស្ដីពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។ ជំនួបនេះត្រូវបានគ្រោងធ្វើឡើងកាលពីឆ្នាំ2020 ប៉ុន្តែត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតសកល COVID-19។ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រាប់សន្និសីទសារព័ត៌មានថា រឿងនេះកំពុងកើតឡើងចំពេលមានគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ដែលគេមិនធ្លាប់បានឃើញចាប់តាំងពីសង្គ្រាមត្រជាក់មក។ មនុស្សជាតិកំពុងយល់ច្រឡំ ហើយការគណនាខុសដែលត្រូវបានកាត់ផ្ដាច់ចេញពីការបំផ្លិចបំផ្លាញដោយនុយក្លេអ៊ែរ។
លោកបានព្រមានថា វិបត្តិនានាកើតចេញពីសកម្មភាពនុយក្លេអ៊ែរកំពុងផ្ទុះឡើង ដោយការមើលឃើញស្ថានភាពនៅមជ្ឈិមបូព៌ា កូរ៉េខាងជើង និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ រយៈពេលប៉ុន្មានថ្ងៃ ក្រោយការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក Putin បានដាក់កងកម្លាំងវាយប្រហាររបស់ប្រទេស រួមទាំងអាវុធនុយក្លេអ៊ែរស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយសំដៅដល់អ្វីដែលលោកបានហៅថា ជាសេចក្ដីថ្លែងការណ៍បំពានពីបណ្ដាមេដឹកនាំណាតូ និងទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចដាក់លើក្រុង Moscow៕
អត្ថបទ៖ សុខមាន