អង់គ្លេស៖ ការរំឭកដល់ជនរងគ្រោះដែលបានស្លាប់ដោយសារជំងឺ COVID-19 ជារូបបេះដូងគូរដោយដៃជិត ១៥០,០០០រូបបានចាប់ផ្ដើមកាលពីថ្ងៃច័ន្ទ នៅលើជញ្ជាំងមួយក្នុងទីក្រុងឡុងដ៍ទល់មុខសភា។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមមួយដែលមានឈ្មោះថា COVID-19 Bereaved Families For Justice UK ដែលជាក្រុមកំពុងធ្វើយុទ្ធនាការសម្រាប់ការស៊ើបអង្កេតសាធារណៈ លើដំណោះស្រាយរដ្ឋាភិបាលចំពោះជំងឺរាតត្បាតសកល។ រូបគំនូរលើជញ្ជាំងក្រៅផ្លូវការនេះ ត្រូវគេរំពឹងថានឹងមានប្រវែងជាង ១គីឡូម៉ែត្រនៅពេលបញ្ចប់រួចរាល់។ ក្រុមអ្នករៀបចំបាននិយាយថា ទោះបីជាទីតាំងរបស់ខ្លួន ស្ថិតនៅតាមបណ្ដោយច្រាំងទន្លេថាំស៍ (Thames) យ៉ាងណាក្ដី ការរំឭកដល់ជនរងគ្រោះតាមរយៈជញ្ជាំងនេះ មិនមែនមានន័យពាក់ព័ន្ធនឹងនយោបាយ ឬការប្រឆាំងនោះទេ តែជាការបង្ហាញពីការតំណាងឲ្យការបាត់បង់អាយុជីវិតរបស់មនុស្ស៕
អត្ថបទ៖ សុខមាន