បាល់ទាត់៖ ខ្សែបម្រើវែល Aaron Ramsey បានសំរេចក្នុងការផ្លាស់ទៅកាន់ក្លិបបារាំង OGC Nice ក្រោយចាកចេញពីក្លិបអ៊ីតាលីសេះបង្កង់ Juventus។ កីឡាករវ័យ ៣១ឆ្នាំរូបនេះនៅសល់កិច្ចសន្យាមួយឆ្នាំទៀតជាមួយ Juventus តែក៏បានសំរេចចែកផ្លូវគ្នាដោយការព្រមព្រៀងរៀងខ្លួនកាលពីខែកក្កដាកន្លងទៅ។

មុននេះ Aaron Ramsey ត្រូវបានគេរំពឹងថា ផ្លាស់ទៅកាន់ទឹកដីកំណើត Cardiff City រឺ Nottingham Forest។ អតីតខ្សែបម្រើ Arsenal រូបនេះកំពុងស្វែងរកទ្រនំថ្មីដើម្បីឱកាសលេងបាល់ឱ្យបានច្រើន ក្នុងដំណើរត្រៀមលក្ខណៈជាមួយក្រុមជំរើសជាតិវែលក្នុងការបង្ហាញខ្លួន នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២២ នៅទឹកដីកាតាចុងឆ្នាំនេះ។ Ramsey មកដល់ Juventus កាលពីឆ្នាំ២០១៩ ដោយគ្មានតម្លៃផ្ទេរ ដោយអតីតខ្សែបម្រើ Arsenal រូបនេះត្រូវបានគេដឹងថា ទទួលបានប្រាក់ឈ្នួលដល់ទៅ ៤០ម៉ឺនផោនក្នុងមួយសប្តាហ៍។ តែក្រោយមក Ramsey ក៏បានចំណាយពេលពាក់កណ្តាលរដូវកាល ២០២១-២២ កន្លងទៅជាកីឡាករខ្ចីជើងនៅក្លិបស្កុតឡេន Glasgow Rangers៕
អត្ថបទ៖នាង សុភាវុធ