សហរដ្ឋអាមេរិក៖ សេតវិមានបានព្រមានថា ប្រទេសចិនអាចនឹងឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ប្រធានសភាសហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ ដោយការបង្កហេតុផ្នែកយោធា។ អ្នកនាំពាក្យលោក John Kirby បាននិយាយថា នេះអាចរួមមានទាំងការបាញ់មីស៊ីលនៅជិតកោះតៃវ៉ាន់ ឬសកម្មភាពដែនអាកាស ឬកងទ័ពជើងទឹកទ្រង់ទ្រាយធំ។ លោកស្រី Pelosi ប្រធានសភាសហរដ្ឋអាមេរិកកំពុងបំពេញទស្សនកិច្ចនៅអាស៊ី។

ប្រព័ន្ធផ្សព្វផ្សាយរបស់កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកបានរាយការណ៍ថា លោកស្រីមានផែនការធ្វើទស្សនកិច្ចទីក្រុងតៃប៉ិ ប៉ុន្តែនេះមិនត្រូវបានបញ្ជាក់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ។ កោះតៃវ៉ាន់ជាកោះស្វ័យគ្រប់គ្រង ប៉ុន្តែប្រទេសចិនអះអាងថានឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើលោកស្រី Pelosi ទៅទីនោះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កាលពីថ្ងៃចន្ទបេសកជនប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសចិនលោក Zhang Jun បានព្រមានថា ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យខូចទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken រំពឹងថា ប្រទេសចិននឹងចាត់វិធានការដោយការទទួលខុសត្រូវ ប្រសិនបើប្រធានសភាលោកស្រី Nancy Pelosi សម្រេចចិត្តធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងដំណើរទៅកាន់អាស៊ី។
លោក Blinken និយាយថា ប្រសិនបើប្រធានសភារូបនេះពិតជាសម្រេចចិត្តធ្វើទស្សនកិច្ច ហើយប្រទេសចិនព្យាយាមបង្កើតឲ្យមានវិបត្តិ ឬបង្កើនភាពតានតឹងណាមួយ នោះជារឿងខាងភាគីទីក្រុងប៉េកាំងទាំងស្រុង។ ដំណើរទស្សនកិច្ចនេះនឹងបង្កឱ្យទីក្រុងប៉េកាំងផ្ទុះកំហឹង ដែលបានចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន ហើយបានព្រមានជាបន្តបន្ទាប់អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើការធ្វើដំណើរនឹងត្រូវបានរាយការណ៍នៅតែបន្ត។ ចិនបានព្រមានពីវិធានការម៉ឺងម៉ាត់ ប្រសិនបើលោកស្រី Pelosi មកដល់កោះតៃវ៉ាន់។ ប៉ុន្តែសេតវិមានបានព្យាយាមធានាទីក្រុងប៉េកាំងថា គ្មានហេតុផលអ្វីត្រូវចំអកនោះទេជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ហើយវាក៏នឹងមិនបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកដែរ៕
អត្ថបទ៖ ប៊ុនថន