ភ្នំពេញ៖ ក្រោយទទួលស្តាប់នូវបទបង្ហាញអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធនរួចមក កម្មករ កម្មការិនីជាច្រើននៅរោងចក្រកាត់ដេរ បានបង្ហាញក្តីសប្បាយរីករាយ និងស្ម័គ្រចិត្ត ក្នុងការចូលរួមបង់ភាគទាន ដើម្បីទទួលបានររបបនេះ នៅពេលឈានចូលនិវត្តន៍ការងារ។
ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ ក្រុមកម្មករ កម្មការិនីនៃក្រុមហ៊ុន វ៉ានលីន-ហ្សុងហេង (ខេមបូឌា) ហ្គាម៉ិនហ្វេកធើរី ស្ថិតនៅតំបន់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានឲ្យដឹងថា ពួកគាត់ពិតជារំភើប និងត្រេកអរណាស់ បន្ទាប់ពីទទួលបានដំណឹងដ៏រីករាយនេះ ព្រោះមិននឹកស្មានថា នឹងអាចមានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការទេ ខណៈដែលកន្លងមកពួកគាត់ធ្លាប់មានការព្រួយបារម្ភលើជីវភាពរស់នៅ ពេលឈានដល់វ័យចាស់ជរា និងគ្មានកម្លាំងធ្វើការងារដូចមុន ។
អ្នកនាង តាន់ គឹមសៀន ប្រធានរដ្ឋបាលរោងចក្រ បានបញ្ជាក់ឲ្យដឹងថា ទាក់ទិនការចូលរួមបង់ភាគទានបន្ថែមទៅលើរបបប្រាក់សោធននេះ ភាគីនិយោជក នឹងគោរពនូវតាមការដាក់ចេញរបស់រាជរដ្ឋាភិបាល ជាពិសេសការបង់ទានទៅលើរបបសន្តិសុខសង្គមនានា ក្រុមហ៊ុនតែងតែចូលរួម និងទៀងទាត់ផងដែរ។
របបសន្តិសុខសង្គមផ្នែកប្រាក់សោធន (ប្រាក់រឺត្រែត) នឹងផ្តល់ឲ្យបុគ្គលិកក្នុងវិស័យឯកជន អាចទទួលបានអត្ថប្រយោជន៍របបនេះ ដូចនឹងបុគ្គលិកក្នុងវិស័យរដ្ឋដែរ។ ចំពោះការបង់ភាគលើរបបប្រាក់សោធន នឹងចាប់ផ្តើមពីដើមខែតុលាខាងមុខតទៅ សម្រាប់រយៈពេល៥ឆ្នាំដំបូង ត្រូវកំណត់ក្នុងអត្រាស្មើនឹង ៤ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទាន។
ក្នុងនោះ ២ភាគរយ ជាបន្ទុកនិយោជក និង ២ភាគរយ ជាបន្ទុកកម្មករនិយោជិត ហើយការបង់ភាគទានផ្នែកប្រាក់សោធនមួយនេះ ត្រូវធ្វើជាប្រចាំខែ៕
អត្ថបទ៖ ឈិត បូរ៉ាវី