បាល់ទាត់៖ ក្លិប Brighton បានបិទបញ្ចប់ការចរចាជាមួយ Manchester City ជុំវិញរឿងលក់ខ្សែការពារអេស្ប៉ាញ Marc Cucurella ទៅកាន់ Etihad Stadium។ ខ្សែការពារវ័យ ២៤ឆ្នាំរូបនេះបានស្នើសុំចាកចេញពី Brighton សប្តាហ៍មុនក្នុងគោលបំណងផ្លាស់ទៅកាន់ Manchester City។

យ៉ាងណាក្តី Brighton ធ្លាប់បានបដិសេធសំណើ ៥០លានផោនម្តងរួចទៅហើយពី Manchester City ដែលជាតម្លៃស្មើនឹង Ben White ដែលផ្លាស់ទៅ Arsenal រដូវកាលមុន។ Marc Cucurella ត្រូវបានគេរំពឹងថា ជាគោលដៅរបស់លោក Pep Guardiola ក្នុងការជំនួសតំណែងខ្សែការពារអ៊ុយក្រែន Oleksandr Zunchenko ដែលផ្លាស់ទៅកាន់ Arsenal។ កិច្ចសន្យារបស់ Cucurella នៅមានសុពលភាពដល់ឆ្នាំ២០២៦ ឯណោះ បន្ទាប់ពីទើបតែផ្លាស់មកកាន់ Brighton នៅឆ្នាំ២០២១ ប៉ុណ្ណោះផ្លាស់ពីក្លិបអេស្ប៉ាញ Getafe ក្នុងតម្លៃ ១៥.៤លានផោន។
រំលឹកថា Marc Cucurella បង្ហាញខ្លួនឱ្យ Brighton សរុប ៣៥លើកនៅ Premier League រដូវកាលមុន។ កីឡាករដែលចេញពីថ្នាលយុវជនរបស់ Barcelona រូបនេះធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញមួយលើក និងជាសមាជិករបស់ក្រុម U23 អេស្ប៉ាញដែលឈ្នះមេដាយប្រាក់អូឡាំពិក ២០២០ ទីក្រុងតូក្យូ៕
អត្ថបទ៖នាង សុភាវុធ