កោះកុង៖ ប្រជាពលរដ្ឋនៅតាមបណ្តាក្រុងស្រុកនីមួយៗក្នុងខេត្តកោះកុង បានទទួលវ៉ាក់សាំងដូសជំរុញ ដូសទី៤ និងទី៥ ហាក់មិនសូវលឿនតាមផែនការ ខណៈក្រុមអាទិភាពបានចាក់ដូសទី៥ រួចរាល់អស់ហើយ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យដឹងកាលពីថ្ងៃទី១សីហា ម្សិលមិញនេះថា ល្បឿននៃដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋក្នុងមូលដ្ឋានខេត្តនៅតែយឺតយ៉ាវដដែល សម្រាប់ដូសទី៤ និងដូសទី៥។ ទោះបីជាបែងចែករៀបចំផែនការទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋឆ្ងាយដាច់ស្រយោលតាមក្រុងស្រុកយ៉ាងណាក៏ដោយ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង សម្តែងក្តីបារម្ភអំពីការឆ្លង រីករាលជំងឺកូវីដ-១៩ ខណៈកម្ពុជារកឃើញអត្រាអ្នកឆ្លងឡើងវិញ ដោយទទូចដល់ប្រជាពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំងដូសជំរុញ ចាប់ពីដូសទី៣ ដល់ដូសទី៥ ឱ្យបានគ្រប់គ្នា ។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល បានបន្ថែមថា ប្រជាពលរដ្ឋ អាចមកទទួលសេវាចាក់វ៉ាក់សាំងគ្រប់ដូសតាមតម្រូវការនៅតាមមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ដែលនៅជិតផ្ទះក្នុងភូមិឃុំសង្កាត់នីមួយៗ។
យោងតាមរបាយការណ៍លទ្ធផលចាក់វ៉ាក់សាំងរបស់រដ្ឋបាលខេត្តកោះកុង បង្ហាញថា គិតបំណាច់ ខែកក្កដា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ក្រុមមន្រ្តីរាជការ គ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធ ចំនួន ២.៩១០នាក់បានចាក់វ៉ាក់សាំងដូសទី៥។ រីឯដូសទី៤បាន១ម៉ឺន៤ពាន់នាក់ និងដូសទី៣ បានចាក់វ៉ាក់សាំងសរុប៨ម៉ឺន៥ពាន់នាក់៕អត្ថបទ៖ ឈឹម មករា