ចិន ៖ លោក ចាង យុន(Zhang Jun)ប្រេសិតពិសេសចិនប្រចាំនៅអង្គការសហប្រជាជាតិ(UN) បាននិយាយថា ទីក្រុងប៉េកាំង បានត្រៀមខ្លួនឆ្លើយតបយ៉ាងពេញទំហឹង បើសិនជាប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ។
លោក ចាង បាននិយាយថា លទ្ធភាពនៃដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ទៅកាន់កោះស្វ័យគ្រប់គ្រងមួយនេះ នឹងធ្វើឲ្យអន្តរាយដល់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ។
សេចក្តីរាយការណ៍របស់សារព័ត៌មាន បានលើកឡើងថា លោកស្រី ប៉េឡូស៊ី ដែលឈរនៅបន្ទាត់ទី៣នៃតំណែងប្រធានាធិបតីអាមេរិក អាចនឹងចុះចតនៅកោះតៃវ៉ាន់នាយប់ថ្ងៃអង្គារនេះ ហើយនិងក្លាយជាមន្រ្តីអាមេរិកជាន់ខ្ពស់បំផុត បំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ ចាបតាំងពីឆ្នាំ ១៩៩៧ ។
លោក ចាង បាននិយាយថា ដំណើរទស្សនកិច្ចបែបនេះ ទំនងជាគ្រោះថ្នាក់ខ្លាំង ហើយបង្ករឿងខ្លាំង ។ នៅក្នុងចំណោមបញ្ហាផ្សេងទៀត វាបង្ហាញសញ្ញាខុសដល់គំនិតបំបែកខ្លួននៅកោះតៃវ៉ាន់ រំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយនិងធ្វើឲ្យអន្តរាយដល់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ។
ប្រេសិតពិសេសរូបនេះ បានធ្វើការព្រមានថា ចិននឹងត្រៀមខ្លួនឆ្លើយតបយ៉ាងពេញទំហឹង ។ បើសិនជាអាមេរិកនៅតែទទួចឲ្យមានដំណើរទស្សនកិច្ចនេះ ចិននឹងចាត់វិធានការយ៉ាងមុតមាំ និងខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ហើយអាមេរិកត្រូវតែទទួលរងនូវផលវិបាកធ្ងន់ធ្ងរទាំងអស់ដែលបានកើតឡើង ។
ទីក្រុងប៉េកាំង ដែលបានចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកសំខាន់នៃទឹកដីរបស់ខ្លួនក្រោមគោលនយោបាយចិនតែមួយ បានចេញការព្រមានជាច្រើនលើកច្រើនសាររួចមកហើយដល់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងគម្រោងបំពេញដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ។
កោះតៃវ៉ាន់ ដែលមានពលរដ្ឋ ២៣.៥លាននាក់ និងចាត់ទុកខ្លួនឯងជាផ្លូវការថាជាសាធារណរដ្ឋចិននោះ បានស្វ័យគ្រប់គ្រង ចាប់តាំងពីឆ្នាំ ១៩៤៩រហូតមក ប៉ុន្តែពួកគេមិនធ្លាប់ដែលប្រកាសឯករាជ្យជាផ្លូវការពីចិនដីគោកនោះទេ ៕
