កំពង់ស្ពឺ៖ សាលារៀនចំនួន៣ ក្នុងស្រុកគង់ពិសី និងស្រុកបសេដ ខេត្តកំពង់ស្ពឺ លែងឲ្យអាជីវករលក់ដូរនូវចំណីអាហារ នំកញ្ចប់ ឬក៏ភេសជ្ជៈផ្សេងៗ មានរស់ជាតិផ្អែមខ្លាំងពេក ហើយធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់សិស្ស បង្កជាជំងឺផ្សេងៗនៅក្នុងបរិវេណសាលា ដោយតម្រូវឲ្យលក់តែអាហារ ភេសជ្ជៈមិនសូវសម្បូរជាតិស្ក ឬនំខ្មែរជាដើម ។
សកម្មភាពនេះ បានអនុវត្តតាមគម្រោងសាកល្បងមួយ របស់នាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជននិងកីឡា និងអង្គការ Helen Keller ចាប់ពីខែមករា ឆ្នាំ២០២២ ឈ្មោះថា “សាលាល្អ អាហារល្អ អនាគតល្អបវររុងរឿង” ហើយនឹងត្រូវអនុវត្តរយៈពេល១ឆ្នាំ ដែលស្ថិតក្នុងសាលាបឋមសិក្សាជង្រុក សាលាបឋមសិក្សាសុវណ្ណគិរី ស្ថិតក្នុងឃុំជង្រុក ស្រុកគង់ពិសី និងសាលាបឋមសិក្សាត្រពាំងធំ ភូមិត្រពាំងធំ ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ។
លោក ហ៊ូ ក្រើន នាយកស្ដីទី នៃអង្គការហេឡែនខេលល័រ លើកឡើងថា គម្រោងនេះ ត្រូវបានអនុវត្តឡើង មានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ប្រើវិធីសាស្ត្រមួយឈ្មោះថា វិធីសាស្ត្រការពិភាក្សាស៊ីជម្រៅលើចំណេះដឹង បទពិសោធន៍ និងការផ្លាស់ប្តូរឥរិយាបថរបស់មនុស្ស ដោយរួមចំណែកពង្រឹងការអនុវត្តសារាចរណែនាំលេខ១៨ របស់ក្រសួងអប់រំ ដើម្បីលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារតាមសាលារៀន ។
លោកបានបន្តថា ការពិភាក្សាស៊ីជម្រៅលើចំណេះដឹង បទពិសោធន៍ និងការផ្លាស់ប្តូរឥរិយាបថរបស់មនុស្ស គឺជាវិធីសាស្រ្តមួយដ៏ល្អមួយដែលជួយសិស្សានុសិស្ស គ្រូបង្រៀន អ្នកលក់អាហារសម្រន់ អាជ្ញាធរមូលដ្ឋាន បុគ្គលិកសុខាភិបាល និងបុគ្គលិកអប់រំយុវជន និងកីឡា ឲ្យចេះធ្វើការកំណត់ និងវិភាគបញ្ហាចំណីអាហារនិងភេស្ជជៈនានា ដាក់លក់នៅតាមសាលារៀន ដែលប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស និងរួមគ្នាបង្កើតដំណោះស្រាយសមស្រប ហើយអនុវត្តន៍សាកល្បងដំណោះស្រាយទាំងនេះ នៅតាមសាលាគោលដៅនីមួយៗ ។
គណៈគ្រប់គ្រងសាលា លើកឡើងថា ការអនុវត្តនូវគម្រោងនេះ សម្រេចបានប្រហែលជា ៨០ភាគរយ ដោយអាជីវករលក់ដូរក្នុងសាលាបានចូលរួមគ្រប់គ្នា ក្នុងការលក់ចំណីអាហារ ឬភេសជ្ជៈមិនប៉ះពាល់សុខភាពសិស្ស និងសិស្សក៏បានយល់ដឹងច្រើន ប៉ុន្តែនៅមានសិស្សមួយចំនួន នៅតែបន្តទិញចំណីអាហារ ឬភេសជ្ជៈ ដែលហាមលក់ក្នុងសាលារៀន បែរជាពួកគេទៅទិញនៅតាមផ្ទះ ឬតូបដែលដាក់លក់នៅក្បែរសាលា ដោយលោកគ្រូ និងអ្នកគ្រូបានត្រឹមណែនាំ មិនមានវិធានការអ្វី ចំពោះពួកគេនោះទេ ។
លោក ឃុត សុវណ្ណោ អនុប្រធានការិយាល័យ នៃនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់ចំណីអាហារ ឬភេសជ្ជៈ ដែលត្រូវបានហាមលក់ក្នុងសាលារៀន មានចំនួន៦ប្រភេទ ក្នុងនោះមាន ទី១. អាហារហួសកាលបរិច្ឆេទ, ទី. អាហារអត់មានប្រភពច្បាស់លាស់, ទី៣. គ្រឿងស្រវឹង, ទី៤. ភេសជ្ជៈដែលផ្អែមពេក, ទី៥. ស្កកៅស៊ូ និងទី៦. នាំដូណាត់ ហើយបច្ចុប្បន្ននេះ ក្រសួងអប់រំបានដាក់ចូលមុខវិជ្ជាអប់រំសុខភាព ទៅក្នុងកម្មវិធីសិក្សាថ្នាក់ទី១១ និងទី១២ផងដែរ ៕ អត្ថបទ ៖ សុខ រិទ្ធ





