ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថាបច្ចុប្បន្ន កម្ពុជាមានធនធានមនុស្ស មានសមត្ថភាពខ្ពស់កាន់តែច្រើនគ្រប់កម្រិត ជាធនធានប្រកបដោយគុណភាពខ្ពស់ ដែលបាននិងកំពុងចូលរួមក្នុងការងារលើគ្រប់វិស័យ ទាំងសាធារណៈ និងឯកជន។
ក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេសជប៉ុន (JDS) ឆ្នាំ២០២២-២០២៣ ចំនួន ២៤រូប នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកពីប្រវត្តិខ្លះៗ ចាប់តាំងពីសម័យរំដោះ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាព ទៅតាមយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល កាលពីមុនកម្ពុជាមាន ផ្លូវ ទឹក ភ្លើង មនុស្ស តែឥលូវនេះ មនុស្សជាធនធានទីមួយ។
ឯកឧត្តម បានផ្តាំផ្ញើជូនដល់និស្សិតអាហារូបករណ៍ ក្រៅពីបទពិសោធន៍ដែលរៀននៅក្នុងសាលា ត្រូវស្វែងយល់ពីបទពិសោធន៍នានាបន្ថែមទៀត ចូលរួមសកម្មភាពសង្គម ធ្វើខ្លួនជាយុវជនបន្តវេនរបស់កម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរ ចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវទៅសិក្សានៅប្រទេសជប៉ុន និងមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងក្រសួងអប់រំ យុវជន និងកីឡា មានមោទកភាពដែលបានបង្កើតឱកាសនេះ ជូនដល់និស្សិ ហើយជឿជាក់ថា ការសិក្សារបស់និស្សិតអាហារូបករណ៍ទាំងនេះ នឹងទទួលបានជោគជ័យ ក្លាយជាមនុស្សថ្មី មានសមត្ថភាពខ្ពស់ជាងពេលនេះ។
សូមជម្រាបជូនថា កម្មវិធីអាហារូបករណ៍ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលហៅកាត់ថា JDS នេះ ត្រូវបានផ្តល់មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅ ពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រទេសកម្ពុជា-ជប៉ុន និងសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស គឺសម្រាប់មន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាព និងសក្តានុពលខ្ពស់ក្នុងការរួមចំណែកអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យបានល្អប្រសើរនាពេលអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី