ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ចាប់ពីថ្ងៃទី០១ ខែមេសា ២០២១នេះ បុគ្គលិកអប់រំរដ្ឋ និងឯកជន បានអញ្ជើញមកចាក់វ៉ាក់សាំង Sinovac នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្តម ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ថ្ងៃនេះ ពិតជាមានកិតិ្តយស ដែលសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា និងមានលោកជំទាវ យឹម ឆៃលីន ហ៊ុនម៉ានី ជាប្រធានកិតិ្តយស នៃសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យ ចូលរួមការងារចាក់វ៉ាក់សាំងកូវីដ១៩ ជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ហើយថ្ងៃនេះ ជាថ្ងៃទី១ នៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលយើងទើបទទួលបានពីមិត្តចិន ចំនួន១លាន៥សែនដូស។ ហើយជាគោលដៅស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា គឺក្នុងរយៈពេល ០១ខែ ត្រូវចាក់វ៉ាក់សាំង ឲ្យបានចំនួន ១លានដូស។
ជាមួយគ្នានោះដែរ បុគ្គលិក នៃមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ចំនួន៣រូប បានមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និយាយស្រដៀងគ្នាថា ការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់នេះ ជាការល្អណាស់ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងដើម្បីទប់ស្កាត់ ការពារកុំឲ្យមេរោគកូវីដ១៩នេះ ឆ្លងរាលដាលដល់ប្រទេសជាតិ និងសង្គមជាតិយើង។
ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យរបស់យើង បានទទួលការបណ្តុះបណ្តាលដោយផ្ទាល់ពីមន្រី្តជំនាញ និងថ្នាក់ដឹកនាំជំនាញ នៃក្រសួងសុខាភិបាល។
ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល នឹងបណ្តុះបណ្តាលក្រុមគ្រូពេទ្យជាបន្តទៀត ដើម្បីធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត បន្ថែមពីលើគ្រូពេទ្យដែលមានស្រាប់ នៅតាមបណ្តាខេត្តទាំងអស់នោះ។ នៅថ្ងៃនេះដែរ យើងសង្កេតឃើញថា នៅតាមបណ្តាខេត្តនីមួយៗ ក៏បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន យើងនឹងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីរាជធានីភ្នំពេញបន្ថែមទៀត ដើម្បីជួយពន្លឿនការងារនៃការចាក់វ៉ាក់សាំងកូវីដ១៩នេះ ឲ្យសម្រេចតាមគោលដៅកំណត់។
សម្រាប់សម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា តាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី រហូតមកដល់ថ្ងៃនេះ យើងមានសមាជិករហូតដល់៤៦៩នាក់ ដែលត្រៀមចូលរួមក្នុងកិច្ចសហប្រតិបតិ្តការនេះ ហើយក្រៅពីនេះយើងក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងទៀត ដែលអាចមានចំនួនច្រើន ជាង ១០០០នាក់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ៕ អត្ថបទ៖ ហួត រដ្ឋា


