កោះតៃវ៉ាន់៖ លោកស្រី Nancy Pelosi បានជួបអនុប្រធានសភាកោះតៃវ៉ាន់លោក Tsai Chi-chang នៅក្នុងទីក្រុងតៃប៉ិ (Taipei) នៅថ្ងៃពុធនេះ។ ប្រធានសភាអាមេរិករូបនេះក៏បានជួបមេដឹកនាំកោះនេះផងដែរគឺលោកស្រី Tsai Ing-wen។

ប្រធានសភាសហរដ្ឋអាមេរិកបាននិយាយថា លោកស្រីបានចាត់ទុកជំនួបនេះថា ជាកិត្តិយសបំផុត សំដៅថាជាមិត្តល្អរបស់កោះតៃវ៉ាន់។ លោកស្រី Pelosi បាននិយាយថា លោកស្រីចង់ជួយបង្កើនកិច្ចសហប្រតិបត្តិការអន្តរសភា និងការសន្ទនា និងដោះស្រាយបញ្ហាជាក់លាក់នានាជាមួយកោះតៃវ៉ាន់។ សេតវិមានរបស់លោកប្រធានាធិបតី Biden បានព្យាយាមរយៈពេលជាច្រើនសប្ដាហ៍ដើម្បីបញ្ចុះបញ្ចូលក្រុងប៉េកាំង និងពិភពលោក ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដោយនិយាយថា គ្មានអ្វីប្រែប្រួលចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះចិនដីគោក ឬកោះតៃវ៉ាន់ទេ៕
អត្ថបទ៖ សុខមាន