ភ្នំពេញ៖ តម្លៃនៃការនាំចូលប្រេង និងផលិតផលប្រេងរបស់កម្ពុជា បានកើនឡើងខ្លាំង ក្នុងឆមាសទី១ឆ្នាំនេះ បន្ទាប់ពីតម្លៃប្រេងបានកើនឡើងខ្ពស់ ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងកាលពីខែកុម្ភៈ។
របាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ប្រទេសកម្ពុជាបាននាំចូលផលិតផលប្រេងមានតម្លៃ ១.៩១ប៊ីលានលានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង២៥ ភាគរយពី ១.៥២ប៊ីលានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កម្ពុជា មិនមែនជាប្រទេសផលិតប្រេងទេ ប៉ុន្តែពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង ពីក្រៅប្រទេស ប៉ុណ្ណោះ ដោយសារស្តុកបម្រុងប្រេង និងឧស្ម័ននៅបាតសមុទ្រ នៅមិនទាន់ត្រូវបានទាញយកនៅឡើយ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម មាស សុខសេន បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃអង្គារថា តម្លៃប្រេងឥន្ធនៈអន្តរជាតិបានកើនឡើងចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ។
ឯកឧត្តម បានថ្លែងថា កម្ពជាមិនមែនជាអ្នកផលិតប្រេងទេ ប៉ុន្តែជាអ្នកនាំចូល ដូច្នេះតម្លៃប្រេងប្រែប្រួលទៅតាមទីផ្សារអន្តរជាតិ។
តារាងតម្លៃប្រេងរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា សាំងធម្មតាតម្លៃ ៤ ៧៥០ រៀល ក្នុងមួយលីត្រកាលពីថ្ងៃអង្គារ ខណៈប្រេងម៉ាស៊ូតតម្លៃ ៥ ១៥០ រៀល ។
យោងតាមកំណត់ត្រា តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូតបានកើនឡើង ៥,៥ ភាគរយ និង ២១ ភាគរយរៀងគ្នា បើធៀបនឹងតម្លៃនៅដើមខែកុម្ភៈ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម បានលើកឡើងកាលពីសប្តាហ៍មុនថា តម្រូវការផលិតផលប្រេងនៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៤,៨ លានតោនក្នុងឆ្នាំ ២០៣០ កើនឡើងពី ២,៨ លានតោនក្នុងឆ្នាំ ២០២០។
ឯកឧត្តម បានជំរុញការវិនិយោគបន្ថែមទៀតក្នុងវិស័យនេះ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងនេះ៕ អត្ថបទ៖ វណ្ណៈ