ចិន៖ ចិនបានរឹតត្បិតពាណិជ្ជកម្មរបស់ខ្លួនជាមួយកោះតៃវ៉ាន់ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងដោយសារដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់ដីកោះគ្រប់គ្រងបែបប្រជាធិបតេយ្យមួយនេះ។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងលិខិតជូនដំណឹងនៅថ្ងៃពុធនេះថា ខ្លួនបានផ្អាកការនាំចេញខ្សាច់ វត្ថុធាតុដើមដ៏សំខាន់ប្រើប្រាស់ក្នុងវិស័យសំណង់ទៅកាន់កោះនេះ និងផ្អាកការនាំចូលផ្លែក្រូចរបស់តៃវ៉ាន់ និងប្រភេទត្រីមួយចំនួនទៀត។ សេចក្ដីប្រកាសនេះមានឡើង ខណៈលោកស្រី Pelosi ធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់កោះតៃវ៉ាន់ ទោះបីជាមានការព្រមានពីក្រុងប៉េកាំងពីផលវិបាកធ្ងន់ធ្ងរបំផុត បើអ្នកនយោបាយជើងចាស់មកពីគណបក្សប្រជាធិបតេយ្យទៅបំពេញទស្សនកិច្ចនៅកោះនេះក៏ដោយ។ វិធានការពាណិជ្ជកម្មនេះមានឡើង ក្រោយការចេញលិខិតពីទីភ្នាក់ងារគយរបស់ចិនកាលពីថ្ងៃចន្ទថា ខ្លួនបានចុះបញ្ជីខ្មៅលើយីហោម្ហូបអាហារជាង ១០០មុខដោយសារតែការខកខានក្នុងការបង្កើតច្បាប់នាំចេញជាថ្មីរបស់កោះតៃវ៉ាន់៕
អត្ថបទ៖ សុខមាន