បាល់ទាត់៖ ក្រុមជើងឯក League Championship Fulham បានសំរេចក្នុងការនាំយកអ្នកចាំទី Bernd Leno ពីក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃ ៨លានផោន។ កីឡាករវ័យ ៣០ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៣ឆ្នាំនៅទឹកដី Craven Cottage បន្ទាប់ពីបាត់បង់តំណែងដៃទី១ នៅ Arsenal រដូវកាលមុនក្រោយការមកដល់របស់ Aaron Ramsdale។

រដូវកាលមុន Bernd Leno បង្ហាញខ្លួនបានត្រឹម ៩ប្រកួតប៉ុណ្ណោះ និងសរុបជារួម ១២៥ប្រកួត រក្សាសំណាញ់ទីបាន ៣៧លើកមិនឲ្យគូប្រកួតស៊ុតចូលតាំងពីផ្លាស់ពី Bayer Leverkusen នៅឆ្នាំ២០១៨ ក្នុងតម្លៃ ២០លានផោន។ Bernd Leno បានក្លាយជាកីឡាករទី៥ ដែលមកកាន់ Fulham ត្រៀមរដូវកាលថ្មីខាងមុខ បន្ទាប់ពី Joao Palhinha, Andreas Pereira, Kevin Mbabu និង Manor Salomon៕
អត្ថបទ៖នាង សុភាវុធ