កោះតៃវ៉ាន់៖ ខណៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ គំរាមបង្កឲ្យមានជាវិបត្តិដ៏ធំរវាងសហរដ្ឋអាមេរិក និងចិន សាធារណៈមតិផ្សេងៗលើដីកោះដ៏តូចនេះមានភាពច្របូកច្របល់គ្នា។

កាលពីថ្ងៃអង្គារម្សិលមិញ ការតវ៉ាប្រឆាំងដំណើររបស់លោកស្រី Pelosi បានកើតឡើងនៅលើកោះតៃវ៉ាន់ មុនដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi មកកាន់កោះនេះ។ ប្រធានគណបក្សតៃវ៉ាន់ថ្មី ឬហៅថា New Taiwan Party បាននិយាយថា លោកស្រី Pelosi នឹងធ្វើឲ្យតៃវ៉ាន់ត្រូវភ្លើងឆេះ និងលិចទឹក និងបានអំពាវនាវឲ្យប្រជាពលរដ្ឋតវ៉ាប្រឆាំងនៅសណ្ឋាគារ Grand Hyatt hotel ជាទីដែលគេរំពឹងថាលោកស្រីនឹងស្នាក់នៅទីនោះ។ ខណៈដែលជនជាតិតៃវ៉ាន់ជាច្រើនគាំទ្រឯករាជ្យភាព និងស្វាគមន៍ការគាំទ្ររបស់សហរដ្ឋអាមេរិក មានសំណួរមួយចំនួនបានលេចឡើងថា តើដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi គឺជាការបង្ករឿងដែលមិនគួរមានដែរ ឬយ៉ាងណា។

នៅក្នុងការស្ទង់មតិនៃអ្នកអានជិត ៧៥០០ របស់គេហទំព័រព័ត៌មាន United Daily News មាន ៦១% និយាយថា ដំណើរនេះមិនត្រូវបានស្វាគមន៍ទេ ខណៈមានការលើកឡើងថា បញ្ហានេះអាចបង្កឲ្យមានអស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ មានតែ ៣៨% ប៉ុណ្ណោះដែលបានស្វាគមន៍ដំណើរទស្សនកិច្ចនេះ និងបាននិយាយថា វាមានគុណប្រយោជន៍ជាងគុណវិបត្តិ។ កាលពីថ្ងៃចន្ទមុនដំណើរទស្សនកិច្ចនេះមានមនុស្សប្រមាណ ១០០នាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅការិយាល័យរបស់លោកស្រី Pelosi ក្នុងអគារសហព័ន្ធ San Francisco ដើម្បីជំរុញលោកស្រីឲ្យលុបចោលការឈប់សំចតដំណើររបស់លោកស្រីនៅតំបន់អាស៊ី ដែលក្រុមអ្នកតវ៉ានិយាយថា ជាការបង្កឲ្យមានសង្គ្រាមដ៏ធ្ងន់ធ្ងរជាមួយចិន៕
អត្ថបទ៖ សុខមាន