ភ្នំពេញ៖ ការកំណត់កាតព្វកិច្ចទិញធានារ៉ាប់រងសម្រាប់យានយន្តឯកជន ជាការជួយសម្រួលឱ្យចេះសន្សំលុយ ក្នុងបង់ថ្លៃទិញធានារ៉ាប់រង ដើម្បីដោះស្រាយនៅពេលគ្រោះថ្នាក់កើតឡើង និងជាការពង្រីកប្រព័ន្ធសំណាញ់ការពារសុវត្ថិភាពសង្គម ឱ្យដើរទន្ទឹមគ្នា នឹងប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា នៃសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្លែងលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ ២០១៧-២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នេះថា រាជរដ្ឋាភិបាលមានច្បាប់ដែលត្រូវអនុវត្តតាំងពីឆ្នាំ២០១៤ មកម្ល៉េះ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ត្រូវការពេលវេលាសិក្សាទៅលើយានយន្ត ។
ឯកឧត្តម បញ្ជាក់ថា ការកំណត់កាតព្វកិច្ចទិញធានារ៉ាប់រងសម្រាប់យានយន្តឯកជន ទៅជាបន្ទុកនោះ គឺវាមិនមែនដូច្នោះនោះឡើយ ដែលបញ្ហានេះ វាជាការជួយដោះស្រាយពេលមានគ្រោះថ្នាក់ ដូច្នេះមហាជនគួរកុំមានការយល់ច្រឡំ ។
សូមបញ្ជាក់ថា៖ នាថ្មីៗកន្លងទៅនេះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងលើកឡើងថា ដើម្បីលើកកម្ពស់វិស័យធានារ៉ាប់រងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា គ្រោងដាក់ឱ្យប្រើប្រាស់នូវការធានារ៉ាប់រងជាកាតព្វកិច្ច ដែលវាជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះសម្រាប់ផលប្រយោជន៍នៃការដាក់ឱ្យដំណើរការការធានារ៉ាប់រងយានយន្តឯកជន ជាកាតព្វកិច្ចនេះ នឹងដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធសំណាញ់ការពារសុវត្ថិភាពសង្គមឱ្យដើរទន្ទឹមគ្នា នឹងប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល៕អត្ថបទ៖ សុន រ៉ាឌី
