កូរ៉េខាងជើង៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះបានរិះគន់នូវអ្វីដែលខ្លួនចាត់ទុកថា ជាការជ្រៀតជ្រែកដោយគ្មានការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក ចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។

កូរ៉េខាងជើងថ្កោលទោសយ៉ាងខ្លាំងចំពោះការជ្រៀតជ្រែក របស់កម្លាំងពីខាងក្រៅណាមួយចូលទៅក្នុងបញ្ហាកោះតៃវ៉ាន់ និងគាំទ្រប្រទេសចិនយ៉ាងពេញទំហឹង ដែលជាសម្ព័ន្ធមិត្តសំខាន់ និងជាខ្សែសង្វាក់សេដ្ឋកិច្ចរបស់ខ្លួន។ មន្ត្រីកូរ៉េខាងជើងនិយាយថា វាជាសិទ្ធិត្រឹមត្រូវរបស់រដ្ឋអធិបតេយ្យមួយ ដើម្បីមានចំណាត់ការប្រឆាំងសកម្មភាពរបស់កងកម្លាំងពីខាងក្រៅ ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបំផ្លាញបូរណភាពទឹកដីរបស់ខ្លួន៕
អត្ថបទ៖ ប៊ុនថន