ភ្នំពេញ៖ ដើម្បីឆ្លើយតបបន្ទាន់ នឹងករណីជំងឺកូវីដ-១៩ បន្តងើបឡើងវិញ និងការពារ ការចម្លងជំងឺអុតស្វា មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានត្រៀមឆ្លើយតបបន្ទាន់ ការចម្លងមេរោគកូវីដ-១៩ និងជំងឺអុតស្វា។
បើតាមលោកវេជ្ជបណ្ឌិត អេង គឹមបូរ៉ារិទ្ធ អនុប្រធាន តំណាងលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះថា ក្នុងរយៈពេលចុងក្រោយពាក់ព័ន្ធករណីជំងឺឆ្លង កូវីដ-១៩ សភាពការណ៍បច្ចុប្បន្ននេះ មានការកក្រើកឡើងវិញ ឬក៏ឆ្លងឡើងវិញ ជាបញ្ហាមួយ ដែលយើងទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ជាមួយនឹងការរីករាលដាលជំងឺកូវីដ-១៩ នេះឲ្យបានម៉ត់ចត់។
ដោយឡែកចំពោះករណីជំងឺឆ្លងប្រភេទថ្មីៗនេះ គឺជំងឺអុតស្វា ក្រុមគ្រូពេទ្យ បានត្រៀមលក្ខណៈគ្រប់គ្រាន់ ក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះជំងឺអុតស្វា ប្រភេទថ្មីនេះផងដែរ។
ទន្ទឹមនឹងនោះប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ ពិគ្រោះព្យាបាលជំងឺ និងមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានបង្ហាញពីអារម្មណ៍រីករាយក្នុងពេលមកដល់មនី្ទរពេទ្យ ដោយទទួលបានការយកចិត្តទុកដាក់ពីគ្រូពេទ្យ និងទទួលសារអប់រំអំពីការការពារថែទាំសុខភាពជៀសផុតពីជំងឺឆ្លងថ្មីៗ និងការបរិភោគអាហារណាដែលប្រកបដោយអនាម័យខ្ពស់ និងសូមគោរពដឹងគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកស្ទួយស្ថានភាពសុខភាពប្រជាពលរដ្ឋគ្រប់រូបឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត អេង គឹមបូរ៉ារិទ្ធ ក៏បានលើកឡើងទៀតថា មនី្ទរពេទ្យ មានក្រុមឆ្លើយតបបន្ទាន់លើការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ និងជំងឺអុតស្វា ទាន់ពេលវេលា ដោយគ្មានការខ្លាចរអាល និងចូលរួមទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំមនី្ទរពេទ្យ និងបុគ្គលិកមនី្ទរពេទ្យ គឺស្ម័គ្រស្មោះប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងប្រភេទថ្មីនេះ។ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ដូចជាជំងឺទូទៅ និងការចាក់វ៉ាក់សាំង សូមអញ្ជើញមកទទួលសេវាក្នុងមន្ទីរបង្អែករាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យទាំងអស់រីករាយរងចាំ បំរើសេវាជូនប្រជាពលរដ្ឋទាំងអស់ ដោយគ្មានការរើងអើងនោះទេ៕ អត្ថបទ៖ រដ្ឋា