ភ្នំពេញ៖ នៅថ្ងៃទី៣ ខែសីហានេះ អង្គការប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ បានរួមគ្នាបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ប្រមាណជាង១០០រូប អំពីក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ បច្ចេកទេស និងនីតិវិធីកសាងសំណុំរឿង អំពើពុករលួយ ហើយការបណ្តុះបណ្តាលនេះបានធ្វើឡើងខណៈពីមួយទៅខែទៅមួយខែ អង្គភាពប្រឆាំងអំពើពុករលួយទទួលបណ្តឹងករណីពុករលួយជាច្រើនពីសាធារណៈជន និងមានបណ្តឹងជាច្រើនត្រូវបានអង្គភាពកំពុងបើកការស៊ើបអង្កេត។
នៅក្នុងឱកាសប្រកាសបើកវគ្គបណ្តុះបណ្តាលនីតិវិធីកសាងសំណុំរឿងអំពើពុករលួយជូនមន្ត្រីនគរបាលយុត្តិធម៌ ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងលបំណង ៖១.ការពង្រឹង និងពង្រីកចំណេះដឹងផ្នែកច្បាប់ ២.ការធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតនូវប្រសិទ្ធភាពការស៊ើបអង្កេតបទល្មើស ៣.ពង្រឹងសមត្ថភាពក្នុងការស៊ើបអង្កេត និងកសាងសំណុំរឿងសម្អាតប្រាក់ ជាដើម។
ឯកឧត្តម តុប សំ បន្តថា វគ្គបណ្តុះបណ្តាលក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ បច្ចេកទេស និងនីតិវិធីក្នុងការកសាងសំណុំរឿងអំពើពុករលួយរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៦ ខែសីហានេះ ។
បើតាមការរាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆំាងអំពើពុករលួយនៅក្នុងកិច្ចប្រជុំប្រចាំខែ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១៤ អណត្តិទី៣ រហូតមកដល់ខែកក្តដានេះ អង្គភាពបានបិទបញ្ចប់សំណុំរឿងករណីពុករលួយច្រើនករណីក្នុងនោះ មានការសម្រេចសាលក្រមស្ថាពរដាក់ពន្ធនាគារលើជនលើ្មសពីររូបដែលទារប្រាក់សំណូកពីបេក្ខជនដើម្បីជាប់ក្របខណ្ឌសុខាភិបាល នៅខេត្តក្រចេះ បន្តដោះស្រាយសំណុំរឿងពុករលួយ ឯកឧត្តម ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង បន្តដោះស្រាយសំណុំរឿងពុករលួយ លោក ជា ថន នាយកសាលាបឋមសិក្សាព្រែកតាទែន អំពីការយកដីសាលាលក់បានប្រាក់ជាង ២៥ម៉ឺនដុល្លាអាមេរិច និងបន្តដោះស្រាយសំណុំរឿងបទល្មើសសំអាតប្រាក់នានាទៀត៕ អត្ថបទ៖ស៊ុម សុខជា