ភ្នំពេញ៖ ថ្នាំពេទ្យ១០០ឃីតដែលជាប្រភេទថ្នាំបង្កើនជាតិទឹកក្នុងខ្លួន ថ្នាំការពារក្តៅខ្លួន ផ្តាសាយ និងបំបាត់អាការៈឈឺចុកពោះ រួមជាមួយម៉ាស់ជាច្រើនទៀតដែលជាការឧបត្ថម្ភរបស់អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ត្រូវបានក្រុមការងារដែលជាតំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវយកទៅប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ដើម្បីបំពេញតាមម្រូវការចាំបាច់របស់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលត្រូវបានចាត់ទុកថា ជាកម្លាំងស្រួច ដែលកំពុងចូលរួមសហការយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩។
ការប្រគល់ជូនសម្ភារទាំងនេះត្រូវបានគេមើលឃើញថា ជាការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់បំផុតពីសុវត្ថិភាពសម្រាប់កងកម្លាំងជួរមុខ នៅក្នុងដំណាក់កាលដែលរាជធានីភ្នំពេញបន្តការគំរាមកំហែងឆ្លងដោយជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ដោយអត្រានៃអ្នកឆ្លង និងអ្នកស្លាប់នៅតែបន្តកើនឡើងជាបន្តបន្ទាប់ មិនទាន់មានសញ្ញាណាមួយធូរស្បើយនៅឡើយនោះទេ។
ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខសុវត្ថិភាពកម្លាំងនគរបាលរាជធានីភ្នំ ពេញ ដែលការឧបត្ថម្ភនេះគឺជាការឆ្លើយតបបំពេញភាពខ្វះខាតរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ សម្រាប់ចេញប្រតិបត្តិការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ការចូលរួមអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។
ជុំវិញការងារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នេះ ឧត្តមសេនីយ៍ឯក ស ថេត ក៏បានជម្រាបជូនក្រុមការ ងារតំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជានិងវិធានរបស់ក្រសួងសុខាភិបាលកម្ពុជា កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងអង្គភាពតែងតែបានអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលកម្ពុជាយ៉ាងខ្ជាប់ខ្ជួន។ ជាពិសេសបានប្រើប្រាស់កម្លាំងចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់នៅគ្រប់គោលដៅធ្វើចត្តាឡីស័ក និងគោលដៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ជាប្រចាំ។ ជាងនេះក៏បានប្រើប្រាស់កម្លាំងចេញល្បាតតាមរថយន្តចុះត្រួតពិនិត្យគោលដៅ ធ្វើចត្តាឡីស័ក និងគោលដៅព្យាបាលជំងឺកូវីដ-១៩ និងបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានទប់ស្កាត់ការជួបជុំប្រមូលផ្តុំតាមទីសាធារណៈ និងទីតាំងក្លិបកម្សាន្ត ខារ៉ាអូខេ ហាងផឹកស៊ី ដែលមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដែលអាចបង្កជាហានិភ័យនាំឱ្យឆ្លងជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ,ចូលរួមចែកម៉ាស់ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈ និងនៅតាមសហគមន៍ពីផលប៉ះពាល់ជំងឺឆ្លងកូវីដ-១៩ ជាដើម។
លោកឧត្ដមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងទៀតថា កម្លាំងនគរបាលរាជធានីភ្នំពេញ និងចាប់ផ្តើមអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធា នីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ គិតពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ៕ អត្ថបទ៖ បាន ចក់

