ចិន៖ ប្រទេសចិនត្រៀមធ្វើសមយុទ្ធនៅក្នុងសមុទ្រជុំវិញកោះតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់អ្នកនយោបាយជាន់ខ្ពស់សហរដ្ឋអាមេរិកគឺលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។ លោកស្រី Pelosi បានចាកចេញកាលពីថ្ងៃពុធ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តផ្ដាច់ខ្លួន។

ជាការឆ្លើយតបចិនបានប្រកាសធ្វើសមយុទ្ធយោធាដែលភាពចាំបាច់ និងស្របច្បាប់រយៈពេល ៥ថ្ងៃដែលនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍នេះ។ កោះតៃវ៉ាន់និយាយថា យន្តហោះចម្បាំងចិនចំនួន ២៧គ្រឿងបានហោះចូលទៅតំបន់ការពារដែនអាកាសរបស់ខ្លួន។ កាលពីថ្ងៃពុធ ក្រុមអាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានបញ្ជូនយន្តហោះជាច្រើនគ្រឿងដើម្បីព្រមានយន្តហោះចិន។ ចិនបាននិយាយថា សមយុទ្ធទាំងនោះនឹងធ្វើឡើងនៅក្នុងដែនទឹកដ៏មមាញឹកបំផុតមួយចំនួនរបស់ពិភពលោក និងរាប់បញ្ចូលទាំងការបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ។

កោះតៃវ៉ាន់បានស្នើនាវានានាដើម្បីរកផ្លូវពិសេសគេចចេញពីសមយុទ្ធទាំងនោះ និងកំពុងចរចាជាមួយប្រទេសជិតខាងជប៉ុន និងហ្វីលីពីនដើម្បីស្វែងរកផ្លូវអាកាសផ្សេង។ មេដឹកនាំកោះនេះលោកស្រី Tsai Ing-wen បាននិយាយថា ប្រទេសនេះកំពុងប្រឈមនឹងការគំរាមកំហែងដោយយោធាដ៏តានតឹងបំផុត។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរំងាប់ស្ថានការណ៍ បណ្ដារដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬ G7 មានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិកបានបញ្ចេញសេចក្ដីថ្លែងការណ៍រួមមួយដោយនិយាយថា ការបង្កស្ថានភាពរបស់ចិននឹងប្រឈមនឹងការរុញឲ្យមានអស្ថិរភាពក្នុងតំបន់៕
អត្ថបទ៖ សុខមាន